30 C
Phnom Penh
Saturday, July 27, 2024

វិធានការរដ្ឋបាលដល់អាជ្ញាធរក្រុង ស្រុក ធ្វើការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងអំឡុងពេល និងក្រោយពិធីបុណ្យភ្ជុំបិណ្ឌ

ស្តាប់អត្ថបទជាសំឡេង

បាត់ដំបង៖ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ បានផ្តល់ព័ត៌មានមក ពុទ្ធិញូវ ប្រចាំខេត្តបាត់ដំបង ដឹងថា រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេច ដែលចុះហត្ថលេខាដោយលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដោយបានដាក់ចេញនូវវិធានការរដ្ឋបាលដល់អាជ្ញាធរក្រុង ស្រុកទាំង១៤ របស់ខេត្តបាត់ដំបង ដើម្បីធ្វើការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់អំឡុងពេល និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ស្របតាមសារាចររបស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់អំឡុងពេល និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

ក្នុងនោះ រដ្ឋបាលខេត្តបាត់ដំបង បានស្នើដល់រដ្ឋបាលក្រុង ស្រុក ឱ្យយកចិត្តទុកដាក់ខ្ពស់ត្រួតពិនិត្យឱ្យបានម៉ឺងម៉ាត់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការពង្រឹងការអនុវត្តវិធានការសុខាភិបាល ជាពិសេស វិធានការ៣កុំ ៣ការពារ ព្រមទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ដែលចាំបាច់នានា សំដៅពង្រឹងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសក្នុងអំឡុងពេលធ្វើដំណើរដោយប្រើប្រាស់មធ្យោបាយធ្វើដំណើររួម និងក្នុងអំឡុងពេលនៃការជួបជុំឬការប្រមូលផ្តុំមនុស្ស ដែលអាចបង្កហានិភ័យខ្ពស់នៃការចម្លងមេរោគកូវីដ-១៩ ។ 

លោក សឿម ប៊ុនរិទ្ធិ បានបញ្ជាក់ថា ទន្ទឹមនេះត្រូវរឹតបន្តឹងការអនុវត្តវិធានការសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមាសម្រាប់អាជីវកម្ម សេវាកម្មទេសចរណ៍ ដែលត្រូវបានដាក់ចេញដោយក្រសួងទេសចរណ៍ នៅតាមមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ជាអាទិ៍ រមណីយដ្ឋាន ភោជនីយដ្ឋាននិងអាហារដ្ឋានទេសចរណ៍ ។

លោក បានបន្តថា រដ្ឋបាលខេត្ត បាត់ដំបង នឹងពិនិត្យលទ្ធភាពផ្តល់ជូននូវឧបករណ៍តេស្តរហ័ស តាមតម្រូវការជាក់ស្តែង ជូនដល់រដ្ឋបាលក្រុង-ស្រុក ដើម្បីធ្វើតេស្តចំពោះមន្ត្រីរាជការ មុនបន្តធ្វើការងារ ក្រោយថ្ងៃឈប់សម្រាក ពិធីបុណ្យភ្ជុំបិណ្ឌ ក្នុងគោលបំណងដើម្បីចូលរួមធានាសុវត្ថិភាព ក៏ដូចជាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img