ពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ នៅពេលដែលលោក Wang Yi អ្នកការទូតកំពូលរបស់ចិនបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី ខណៈប្រធានាធិបតីអាមេរិកលោក Joe Biden បានហោះទៅកាន់ប្រទេសអ៊ុយក្រែនយ៉ាងសម្ងាត់ ។
កាសែតរុស្ស៊ី Kommersant បានចុះផ្សាយកាលពីថ្ងៃអាទិត្យថា លោក Wang Yi ដែលជាប្រធានការិយាល័យគណៈកម្មាធិការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន កំពុងស្ថិតនៅទីក្រុងមូស្គូ ដើម្បីពិភាក្សាអំពីផែនការសន្តិភាពដែលអាចកើតមានសម្រាប់អ៊ុយក្រែន ។


ទន្ទឹមនោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃចន្ទថា គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចរបស់លោក Wang Yi គឺដើម្បីបង្កើនតួនាទីរបស់ក្រុងប៉េកាំងក្នុងការដោះស្រាយសន្តិភាព ជាពិសេសជម្លោះដែលកំពុងអូសបន្លាយពេលរវាងរុស្ស៊ី និងអ៊ុយក្រែន ។
ស្របពេលជាមួយគ្នានេះ លោក Joe Biden ក៏បានធ្វើដំណើរដោយមិនប្រកាសជាមុន ហើយក៏ជាលើកដំបូងរបស់លោកផងដែរទៅកាន់ទីក្រុងកៀវកាលពីថ្ងៃចន្ទ ដើម្បីជួបលោកប្រធានាធិបតី Volodymyr Zelensky ចាប់តាំងពីផ្ទុះប្រតិបត្តិសឹករបស់រុស្ស៊ីមកលើអ៊ុយក្រែន ដែលនឹងឈានដល់ខួប ១ ឆ្នាំនាថ្ងៃសុក្រសប្ដាហ៍នេះ ។
យោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមានបានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ គឺដើម្បីបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តដោយមិនងាករេ និងឥតឈប់ឈររបស់អាមេរិក ចំពោះលទ្ធិប្រជាធិបតេយ្យ អធិបតេយ្យ និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ។
ក្នុងដំណើរទស្សនកិច្ចនោះដែរ លោក Biden ក៏បានពាំនាំជំនួយបន្ថែមទៀតដល់រដ្ឋាភិបាលទីក្រុងកៀវក្នុងទំហំទឹកប្រាក់ ៥០០ លានដុល្លារ ដែលនឹងរួមបញ្ចូលទាំងគ្រាប់កាំភ្លើងធំ ប្រព័ន្ធប្រឆាំងគ្រឿងសឹក និងរ៉ាដាឃ្លាំមើលដែនអាកាសផងដែរ ។
គួរបញ្ជាក់ថា ប្រតិបត្តិការសឹករបស់រុស្ស៊ីនៅអ៊ុយក្រែន នឹងឈានដល់ខួប ១ ឆ្នាំនាថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ បន្ទាប់ពីលោក ពូទីន ប្រកាសបើកការវាយលុយលើទីក្រុងកៀវកាលពីខែកុម្ភៈ ឆ្នាំ២០២២ ក្រោយមានសំណើសុំជំនួយពីប្រមុខនៃសាធារណរដ្ឋ Donbass ៕
ដោយ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News