ស្តាប់អត្ថបទជាសម្លេង
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី និងលោកស្រី ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញប្រគល់កញ្ចប់ជំនួយដែលជាអំណោយរបស់លោក និងលោកស្រី ព្រមទាំងសប្បុរសជននានា សម្រាប់ចែកជូនបងប្អូនប្រជាការពារ និងកងកម្លាំងប្រដាប់ក្នុងខណ្ឌទាំង១៤ នៃសាលារាជធានីភ្នំពេញ ប្រគល់ជូនលោកអភិបាលរាជធានីភ្នំពេញ និងលោកអភិបាលខណ្ឌទាំង១៤ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ។
អំណោយ ដែលបានរៀបចំជាកញ្ចប់រួចជាស្រេចនេះ រួមមានក្នុងកញ្ចប់ មីជាតិ 0១កេស ត្រីខកំប៉ុង0១យួរ ទឹកដោះគោខាប់0៤កំប៉ុង ឈុតថ្នាំដុសធ្មេញ សាប៊ូ និង ថវិកាមួយចំនួនផងដែរ សរុប ៣ ០៧៥ កញ្ចប់។


លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់អាជ្ញាធរសាលារាជធានីគ្រប់ជាន់ថ្នាក់ ជាពិសេសក្រុមគ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ និងប្រជាការពារ ដែលបានខិតខំ មមាញឹក ទាំងថ្ងៃ យប់ បំពេញភារកិច្ចការពារសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ ជាពិសេសការទប់ស្កាត់ការឆ្លងរាលដាលក្នុសហគមន៍នៃជំងឺកូវីដ-១៩។
លោកបានសង្កត់ធ្ងន់ថា៖ “កងកម្លាំង ដែលក្នុងនោះរួមមាន បងៗ ពូៗ ប្រជាការពារតាមខណ្ឌសង្កាត់ មិនថាក្នុងដំណាក់កាលមុនកូវីដ-១៩ ក្នុងពេល កូវីដ-១៩ ឬតទៅមុខ គឺបានលះបង់កម្លាំងកាយ ពេលវេលាពីគ្រួសារ មិនថាថ្ងៃក្តៅ ភ្លៀង ឬថ្ងៃសម្រាក ហើយមិនថាក្នុងពេលស្ងប់ស្ងៀម ឬពេលចលាចលណាមួយក្នុងការអនុវត្តការងារដើម្បីជួយសម្រួលចរាចរណ៍ ថែរក្សាសណ្ដាប់ធ្នាប់ សុខសុវត្ថិភាព សុខដុមរមនា សម្រាប់ប្រជាជនក្នុងរាជធានីភ្នំពេញ។


ជាមួយគ្នានេះដែរ លោក ឃួង ស្រេង ក្នុងនាមរដ្ឋ បាលរាជធានី និងមន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំងអស់សូមថ្លែងអំណរគុណដល់ លោក ហ៊ុន ម៉ានី និង លោកស្រីព្រមទាំងក្រុមគ្រួសារដែលជានិច្ចជាកាលតែងតែបានផ្តល់ការ ឧបត្ថម្ភជាបន្តបន្ទាប់ដល់រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេស ក្នុងដំណាក់កាលនៃការផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
លោកអភិបាល បានបន្តថា កាយវិការដ៏ប្រពៃនេះ បានបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ ដឹកនាំដែលបានផ្តល់ភាពកក់ក្តៅដល់មន្រ្តីរាជការអាជ្ញាធរមូលដ្ឋាន កងកម្លាំង ក៏ដូចជាប្រជាពលរដ្ឋទូទៅ៕






អត្ថបទ និងរូបភាពដោយ៖ Puthi News