27.2 C
Phnom Penh
Thursday, October 24, 2024

លោក យូ ប៊ុនស្រៀងប៉ូលិសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ប្រចាំការនៅខេត្តមណ្ឌលគិរីទទួលសំណូកពីឈ្មួញឈើជារៀងរាល់ខែ 

ខេត្តមណ្ឌលគិរី៖ លោកវរសេនីយ៍ត្រី យូ ប៊ុនស្រៀង មន្ត្រីនគរបាលនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃបានប្រព្រឹត្តអំពើពុករលួយដោយទទួលសំណូកពីឈ្មួញឈើក្នុង១ខែៗ ចាប់ពី ៦០ម៉ឺនរៀល ទៅ១លានរៀលជាថ្នូរនឹងធ្វើមិនដឹងមិនឮ ធ្មេចភ្នែកបើកភ្លើងខៀវ មិនបង្ក្រាប មិនទប់ស្កាត់ រាល់បទល្មើសព្រៃឈើក្នុងភូមិសាស្ត្រដែលខ្លួនគ្រប់គ្រង និងទទួលខុសត្រូវ។

ប្រភពព័ត៌មានបានឲ្យដឹងថា បើឈ្មួញឈើមួយណាមិនបង់លុយឱ្យ ឬបង់លុយយឺតយ៉ាវ លោក យូ ប៊ុនស្រៀង នឹងដាក់កម្លាំងចុះបង្ក្រាបតែម្ដង។ ជាក់ស្តែងកាលពីថ្ងៃ ទី០៤ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងរបស់លោក យូ ប៊ុនស្រៀង នៅពេលទៅទារលុយម្ចាស់ឈើមិនបាន ក៏រាយ ការណ៍ថា បានព្រះរាជអាជ្ញាចុះបង្ក្រាបឈើបានជាច្រើនម៉ែត្រគូប នៅចំណុចភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ការចុះបង្ក្រាបឈើនៅ ពេលនោះ គឺពុំមែនមានឆន្ទៈ ក្នុងការបំពេញកាតព្វកិច្ចតួនាទីនោះឡើយ ពោលគឺមកពីលោក យូ ប៊ុនស្រៀង ខឹងនឹងម្ចាស់ឈើនិយាយមិនទៀង បង់លុយខែលើកពេល ពីមួយថ្ងៃទៅមួយថ្ងៃ។

មុនចុះបង្ក្រាប លោក យូ ប៊ុនស្រៀង បានផ្ញើសារតាមប្រព័ន្ធ Telegram សួរនាំម្ចាស់ឈើដើម្បីពន្លឿនក្នុងការបង់លុយមកឱ្យខ្លួនទៀតផង។ ប៉ុន្តែម្ចាស់ឈើហាក់គេច វេះពន្យារពេលមិនព្រមបង់លុយឱ្យទៀងដូចខែមុនៗ ជា ហេតុនាំឱ្យលោកយូ ប៊ុនស្រៀង មានកំហឹងហើយរកកិច្ច សហការបង្ក្រាប ឈើរបស់ឈ្មួញ ដែលកំពុងលាក់ទុកក្នុងចម្ការ នៅភូមិឡៅការ សង្កាត់សុខដុម ក្រុងសែន មនោរម្យតែម្ដងទៅ។

បើតាមប្រភពផ្សេងទៀតថា ក្រដាស វីងវេរលុយជាច្រើនសន្លឹក ដែលផ្ញើលុយជូនលោក យូ ប៊ុនស្រៀង ក្នុងថ្ងៃខែផ្សេងៗគ្នាបានបង្ហាញថា កន្លងមកឈ្មួញឈើប្រណីត ដែលរងការបង្ក្រាបខាងលើ គឺអាចធ្វើសកម្មភាពដឹក ជញ្ជូន ព្រៃឈើបានយ៉ាងរលូន។ ខណៈលេខទូរស័ព្ទរបស់លោក យូ ប៊ុនស្រៀង ជាអ្នកទទួលផ្ទាល់ ហើយក្នុង១ខែៗ ទទួលបានចាប់ពី៦០ម៉ឺនរៀលទៅ១លានរៀលឯណោះ។

ប្រភពបន្តទៀតថា ឈ្មួញឈើមិនត្រឹមតែបង់លុយដាក់ ខែឱ្យលោក យូ ប៊ុនស្រៀង ប៉ុណ្ណោះទេ។ លើសនេះទៅទៀត នៅពេលរវល់ប្រជុំចុះបំពេញបេសកកម្ម ឬមានកម្មវិធីផ្សេងៗ សូម្បីរថយន្តខូចក៏លោក យូ ប៊ុនស្រៀង ស្នើមកឈ្មួញឈើ ឱ្យចេញថ្លៃជាងជំនួសខ្លួនដែរ។ ដោយពេលខ្លះ ជូនតាមស្រោមសំបុត្រ ពេលខ្លះផ្ញើតាមវីង ខ្លះទៀតហុចផ្ទាល់ដៃ។

នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះថា អ្នកកាសែតបានព្យាយាមសុំការបកស្រាយពីលោកវរសេនីយ៍ត្រី យូ ប៊ុនស្រៀង មន្ត្រីនគរបាលនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការនគរបាលជាតិ ដើម្បីឱ្យមានចម្លើយទាំងសងខាង។ ប៉ុន្តែពុំមានការបកស្រាយ ខណៈឮសំណួរដូចការចោទប្រកាន់នេះ ស្រាប់តែលោក យូ ប៊ុនស្រៀង ចុចបិទទូរស័ព្ទតែម្ដង។

ទោះជាយ៉ាងណាក៏ដោយ លោកយូរ ប៊ុនស្រៀង ធ្លាប់បានដើរនិយាយថា លោកត្រូវចំណាយ(លុយ)ឲ្យថ្នាក់ ដឹកនាំនាយកដ្ឋានក្នុងមួយខែៗរាប់ពាន់ដុល្លារឯណោះ។ ដូច្នេះបើមិនឲ្យលោករកលុយពីពួកឈ្មួញរកស៊ីទាំង នោះតើឲ្យលោកទៅរកប្រាក់ឯណាបង់ជូនមេៗថ្នាក់លើ។ ករណីលោកយូរ ប៊ុនស្រៀង បង្កការក្តៅក្រហាយនៅទឹក ដីខេត្តមណ្ឌលគិរីនេះមិនឃើញមានចំណាត់ណាមួយពីនាយកដ្ឋាន,អគ្គស្នងការនគរបាលជាតិ និងក្រសួង មហាផ្ទៃនៅឡើយទេ។

បើតាមលោក នាង វណ្ណៈ អ្នកនាំពាក្យរដ្ឋបាលសាលា ខេត្តមណ្ឌលគិរីបានឆ្លើយថា លោកមិនច្បាស់ទេព្រោះពុំសូវឃើញទំនាក់ទំនងល្អជាមួយរដ្ឋបាលខេត្ត។

លោកអភិបាលខេត្តមណ្ឌលគិរី ធ្លាប់បានស្នើឲ្យអាជ្ញាធរក្រុងសែនមនោរម្យបង្ក្រាបកុងត្រូលជជុះរបស់លោកយូរ ប៊ុនស្រៀង ឱ្យមានប្រសិទ្ធភាព ។ ប៉ុន្តែរយៈពេលជាង ៥ ខែមកហើយ អាជ្ញាធរនៅតែមិនអាចបង្ក្រាបក្រុមលោកយូរប៊ុនស្រៀង បាននៅឡើយ។ មិនតែប៉ុណ្ណោះក្រុមលោកយូរ ប៊ុនស្រៀងនៅតែបន្តសកម្មភាពគឃ្លើនកាន់ តែខ្លាំងឡើងជារៀងរាល់ថ្ងៃ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img