ស្តាប់អត្ថបទជាសម្លេង
កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) បានប្រកាសពីវិធានការថ្មីក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ដែលតម្រូវឲ្យបុគ្គលិកនៅតាមក្រុមហ៊ុនធំៗចាក់វ៉ាក់សាំង ឬធ្វើតេស្តិ៍ជារៀងរាល់សប្តាហ៍។
វិធានការនោះរួមបញ្ចូលផងដែរនូវការតម្រូវឲ្យបុគ្គលិករដ្ឋាភិបាលសហព័ន្ធរាប់លាននាក់ចាក់វ៉ាក់សាំងជាកំហិត និងត្រូវបានដាក់ចេញក្នុងពេលករណីឆ្លងជំងឺកូវីដ-១៩កំពុងកើនឡើងនៅក្នុងសហរដ្ឋអាមេរិក។
មន្ទីរពេទ្យនៅក្នុងរដ្ឋជាច្រើនដាក់អ្នកជំងឺកូវីដ-១៩ពេញអស់ហើយក្នុងគ្រាដែលមានការឆ្លងរាលដាលនៃវីរុសកូវីដ-១៩បំប្លែងថ្មីប្រភេទ Delta ដែលឆ្លងបានលឿន។

វិធានការថ្មីនេះនឹងត្រូវបានអនុវត្តក្នុងចំណោមបុគ្គលិកប្រហែល១០០លាននាក់នៅទូទាំងប្រទេស។
លោក បៃដិន បាននិយាយនៅពេលដែលលោកបានបង្ហាញផែនការថ្មីនេះថា «នេះមិនមែនទាក់ទងនឹងសេរីភាព ឬជម្រើសផ្ទាល់ខ្លួនទេ តែវាគឺជាការការពារខ្លួនអ្នកនិងមនុស្សនៅជុំវិញខ្លួន។»
លោកបាននិយាយថា លោកបានណែនាំឲ្យក្រសួងការងារជូនដំណឹងដល់អាជីវកម្មឯកជនទាំងអស់ដែលមានបុគ្គលិកចាប់ពី១០០នាក់ឡើងទៅត្រូវចាក់វ៉ាក់សាំងជាកំហិត ឬស្នើឲ្យបង្ហាញលទ្ធផលតេស្តិ៍អវិជ្ជមានក្នុងចំណោមបុគ្គលិករបស់ពួកគេយ៉ាងហោចម្តងក្នុងមួយសប្តាហ៍។
គួរបញ្ជាក់ថា ពលរដ្ឋអាមេរិកជាង៦៧ម៉ឺននាក់បានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ចាប់តាំងពីឆ្នាំមុនមកនិងមានអ្នកឆ្លងសរុបជាង៤១លាននាក់ ខណៈដែលមនុស្សប្រហែល៨០លាននាក់នៅអាមេរិកនៅមិនទាន់ចាក់វ៉ាក់សាំង៕

អត្ថបទ និងរូបភាពដោយះ Puthi News