ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) កាលពីថ្ងៃសៅរ៍ បានចូលរួមពិធីរំឭកខួប២០ឆ្នាំនៃការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដោយក្រៀមក្រំ និងមានការស្មិងស្មាធិ នៅពេលដែលលោកទៅមើលកន្លែងទាំងបី ដែលបានរងការវាយប្រហារភេរវកម្មដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់អាមេរិកដោយបានសម្លាប់មនុស្សចំនួន ២.៩៧៧នាក់។
លោក បៃដិន និងភរិយាបានចូលរួមពិធីនៅឯកន្លែងទាំងបី ដែលយន្តហោះចំនួន ៤គ្រឿង និងក្រុមអ្នកប្លន់យន្តហោះចំនួន ១៩នាក់ បានធ្វើការវាយប្រហារមកលើអាមេរិក ដែលនេះជាមូលហេតុជំរុញឲ្យអាមេរិកបានចាប់ផ្តើមចូលពាក់ព័ន្ធនៅក្នុងប្រទេសអាហ្វហ្គានីស្ថានអស់រយៈពេល ២០ឆ្នាំ។


លោក បៃដិន បានចាប់ផ្តើមចូលរួមពិធីនៅក្នុងទីក្រុងញូវយ៉ក គឺនៅឯមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ជាកន្លែងដែលយន្តហោះពីរគ្រឿងបានបើកបុកអាគារភ្លោះនេះនៅព្រឹក ថ្ងៃទី១១ ខែកញ្ញា កាលពីពីរទសវត្សរ៍មុន។
បន្ទាប់មកទៀត លោក បៃដិន បានទៅគោរពវិញ្ញាណក្ខន្ធជនរងគ្រោះនៅឯទីវាលមួយក្នុងរដ្ឋ ផេនស៊ីលវ៉ានៀ (Pennsylvania)។ ជនរងគ្រោះទាំងនោះគឺជាអ្នកដំណើរដែលបានស្លាប់នៅក្នុងការក្រោកឈរប្រឆាំងនឹងក្រុមអ្នកប្លន់យន្តហោះ ដោយពួកគេបានព្យាយាមរារាំងមិនឲ្យយន្តហោះនោះបើកទៅបុកវិមានសភារបស់អាមេរិក។


នៅពេលរសៀល លោក បៃដិន បានដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់នៅឯមន្ទីរបញ្ចកោណ ដែលជាអគាររដ្ឋាភិបាលមួយផ្សេងទៀត ដែលត្រូវបានក្រុមភេរវករប្លន់យន្តហោះយកជាគោលដៅនៃការវាយប្រហារនោះដែរ។
ខួបនៃការវាយប្រហារនេះត្រូវបានធ្វើឡើង ក្នុងគ្រាដែលមានការឆ្លងរាតត្បាតនៃវីរុសកូវីដ-១៩ និងក្រោយពីការដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន ដែលឥឡូវនេះត្រូវបានគ្រប់គ្រងដោយក្រុមតាលីបង់ ដែលជាក្រុមតែមួយដែលបានផ្តល់កន្លែងសុវត្ថិភាពដល់ក្រុមអ្នកដែលបានរៀបចំផែនការវាយប្រហារភេរវកម្មនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១៕




អត្ថបទ និងរូបភាពដោយ Puthinews