30 C
Phnom Penh
Saturday, July 27, 2024

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ចូលរួមក្នុងពិធីបិទវេទិកា អាស៊ី អឺរ៉ុប ស្តីពីស្រ្តី សន្តិភាព និងសន្តិសុខ

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ បានមានប្រសាសន៍ថា ស្រ្តីកម្ពុជា តែងទទួលបាន កាលានុវត្តភាពចូលរួម ក្នុងគ្រប់កិច្ចការអភិវឌ្ឍសេដ្ឋកិច្ច សង្គមជាតិ ទាំងផ្នែកវិស័យសាធារណៈ សន្តិសុខ នយោបាយ ការទូត ឯកជន អង្គការជាតិ អន្តរជាតិ និងត្រូវបានលើកទឹកចិត្ត ឱ្យចាប់យកតួនាទីសំខាន់ៗ ដោយស្មើភាព និងគ្មានការរើសអើង។ 

ថ្លែងក្នុងពិធីបិទវេទិកាអាស៊ី អឺរ៉ុប ស្តីពីស្រ្តី សន្តិភាព និងសន្តិសុខ ចេញពីរាជធានីភ្នំពេញ តាមប្រព័ន្ធវីដេអូ លោកជំទាវ បានបន្ថែមថា “សិទ្ធិ ឋានៈ តួនាទី ឱកាស និងការចូលរួមរបស់ស្រ្តី ដែលមានចំនួនច្រើនជាងពាក់កណ្តាល នៃប្រជាជនសរុប ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ដើម្បីធានាបានកិច្ចអភិវឌ្ឍ ប្រកបដោយចីរភាព និងបរិយាប័ន្នសង្គម”។ 

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក “ស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ” និងបានដាក់ចេញនូវគោលនយោបាយ ផែនការសកម្មភាពជាតិ កម្មវិធីជាតិអន្តរវិស័យ សំដៅលើកកម្ពស់សមភាពយេនឌ័រ ពង្រឹងភាពអង់អាចដល់ស្រ្តី។ 

ទន្ទឹមនេះ ស្ត្រីមានលទ្ធភាពកាន់តែច្រើន ក្នុងការទទួលបានការសិក្សាអប់រំ ការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ច ការទទួលបាន សេវាសុខភាពបឋម សុខភាពបន្តពូជ សុខភាព មាតា និងទារក ឤហារូបត្ថម្ភ ការកាត់បន្ថយ និងទប់ស្កាត់ជំងឺឆ្លង ការទទួលបានជំនួយផ្នែកច្បាប់ដោយឥតគិតថ្លៃ សម្រាប់ស្រ្តី និងក្មេងស្រីក្រីក្រ រងគ្រោះដោយអំពើហិង្សាគ្រប់ទម្រង់ តាមរយៈក្រុមមេធាវីស្ម័គ្រចិត្ត របស់សម្តេចតេជោ និងគណៈមេធាវី។  

ក្នុងពិធីនោះដែរ, លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានលើកឡើងពីការចូលរួមចំណែករបស់ស្ត្រី ក្នុងការចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់នូវការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ផងដែរ ដោយថា ស្ត្រីនៅគ្រប់លំដាប់ថ្នាក់ មកពីគ្រប់ស្ថាប័នទាំងអស់ បានរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសកម្មភាពរបស់ក្រុមគ្រូពេទ្យជួរមុខ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកជំទាវកិត្តិសង្គហបណ្ឌិត បានស្នើសុំឱ្យប្រទេសចូលរួមទាំងអស់ ប្រែក្លាយលទ្ធផលនៃវេទិកានាពេលនេះ ទៅជាសកម្មភាពជាក់លាក់ និងប្រាកដនិយម។ លោកស្រីបញ្ជាក់សារជាថ្មីថា កម្ពុជាមានឆន្ទៈដ៏មោះមុត និងប្រកាន់យ៉ាងខ្ជាប់ខ្ជួន នូវស្មារតីសាមគ្គីភាព ភាតរភាពជាអន្តរជាតិ និងរួមវិភាគទានដល់កិច្ចប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ និងមនុស្សធម៌ សំដៅរួម ចំណែកធ្វើឱ្យសហគមន៍អន្តរជាតិ ឆាប់សម្រេចបាននូវជ័យជំនះ ចំពោះវិបត្តិនៃជំងឺកូវីដ-១៩ និងការជំរុញសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន និងវិបុលភាពរួម សម្រាប់ទាំងអស់គ្នា៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img