ខេត្តស្វាយរៀង៖ ភ្លៀងមួយមេធំលាយឡំនិងខ្យល់កន្ត្រាក់បណ្តាលឲ្យរលំផ្ទះប្រជាពលរដ្ឋខូចខាតចំនួន០៩ខ្នង ក្នុងនោះខូចខាតទាំងស្រុងដួលរាបដល់ដីមួយខ្នង និងប៉ើងខូចខាតដំបូលធ្ងន់ធ្ងរចំនួន៨ខ្នងផ្ទះ។


ករណីគ្រោះធម្មជាតិនេះបានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅភូមិថ្នលកែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២៦ ខែឧសភា មានភ្លៀង១មេធំ លាយឡំផ្គរន្ទះខ្យល់កន្ត្រាក់ បានបក់បោកយ៉ាងខ្លាំងទៅលើផ្ទះរបស់ប្រជាពលរដ្ឋ ភូមិថ្នល់កែង បង្កឲ្យរលំខូចខាតចំនួន០៩ខ្នង ក្នុងនោះរលំ រាបដល់ដីចំនួន១ខ្នង ខូចខាតទាំងស្រុងនិងប៉ើងដំបូលចំនួន០៨ខ្នង ផ្ទះខ្លះរលំបាក់ទាំគ្រែដេក ជាពិសេសផ្ទះតៀប ខ្ទមតូចៗ នៅវាលដាច់ស្រយ៉ាលពីអ្នកភូមិ។


ប្រភពបន្តថា បើតាមការសង្កេតឃើញថា គ្រោះធម្មជាតិនេះភាគច្រើនគឺប៉ះពាល់ដល់គ្រួសារប្រជាពលរដ្ឋដែល ក្រីក្រ សង់ផ្ទះតៀម ខ្ទម តូចទាបជាប់ដី លើដីលើកថ្មី ដំកល់លើជើងតាង គ្មានដាំដើមឈើការពារផ្ទះ នៅពេលមានខ្យល់កន្ត្រាក់ខ្លាំង គឺតែងតែដួលរលំ ប៉ើងចេញពីជើងតាង ដួលរាបដល់ដី ប៉ើងដំបូល ដោយគ្រួសារទាំងនោះសង់អំពីកូនឈើ ដើមប្រេងខ្យល់ឬអាកាស្យា ជញ្ជាំងស័ង្ខសី រនាបឬស្សី តម្កល់លើថ្មជើងតាង ទើបងាយរងគ្រោះ។


បើប្រជាពលរដ្ឋដែលមានជីវភាពមធ្យម ឬអ្នកមានជីវភាពធូធា សង់ផ្ទះអំពីឈើលើបេតុងក្រោម ឬ ផ្ទះថ្ម ដំបូលគ្រឿងដែក គ្រាន់តែរបើកដំបូលតិចតួចប៉ុណ្ណុះ។ ហើយពេលកំពុងភ្លៀងនោះក៏មានខ្យល់កន្រាក់រលំបាក់បង្គោលភ្លើងអគ្គីសនី និងរលំដើមឈើដួលកាត់ថ្នល់ជាតិលេខ១ផងដែរ។ អាជ្ញាធរអំពាវនាវសូមឲ្យប្រជាពលរដ្ឋមានការប្រុងប្រយត្ន័កូនចៅ ពេលមានភ្លៀងខ្យល់កន្ត្រាក់សូមកុំចេញក្រៅផ្ទះ៕














ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News