26 C
Phnom Penh
Saturday, July 27, 2024

លទ្ធផលការធ្វើប្រជាមតិលើបណ្តាញសង្គម៩៩% គ្រាំទ្រឱ្យបញ្ឈប់សកម្មភាពការក្រាលកន្ទេលយកលុយនៅតាមមាត់ឆ្នេរសាធារណៈ

ស្តាប់អត្ថបទជាសម្លេង

កែប៖ បន្ទាប់ពីអភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានធ្វើប្រជាមតិនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកកាលពីពេលថ្មីៗនេះ អំពីការបញ្ឈប់សកម្មភាពរបស់អាជីវករមួយចំនួនដែលតែងតែក្រាលកន្ទេលយកលុយពីភ្ញៀវនៅតាមឆ្នេរសមុទ្រកែប ជាពិសេសនៅក្នុងឱកាសពិធីបុណ្យទានធំៗ ជាលទ្ធផលបង្ហាញថា អ្នកលេងបណ្តាញសង្គម ៩៩% ដែលចូលផ្តល់មតិគាំទ្រចំពោះចំណាត់ការនេះ។

កន្លងមកមិនថាមានពិធីបុណ្យទាន ឬគ្មាននោះទេ គឺកន្លែងសាធារណៈរបស់រដ្ឋមួយចំនួននៅតាមបណ្តាទីតាំងកម្សាន្តនៅខេត្តកែប ជាពិសេសត្រង់ចំណុចឆ្នេរលេងទឹកស្រីស បានក្លាយទៅជាទីតាំងឯកជន ដែលតម្រូវឱ្យភ្ញៀវទេសចរ ត្រូវចំណាយលុយប្រសិនបើចង់អង្គុយ ក្នុងករណីបើមិនបានកម្ម៉ង់ម្ហូប សូម្បីចតឡាន ឬម៉ូតូនៅទីនោះក៏មិនបាន និងត្រូវក្រុមអាជីរកររកស៊ីដុះស្នឹមនៅទីនោះដេញ ឬហាមមិនអនុញ្ញាតឱ្យអង្គុយលេង ឬចតជាដាច់ខាត។ 

ការណ៍នេះ ធ្វើឱ្យភ្ញៀវខ្លះអាក់អន់ស្រពន់ចិត្តមិនស្ទើរឡើយ និងមិនចង់មកកម្សាន្តខេត្តកែបទៀតនោះទេ។ ជុំវិញបញ្ហាប្រៀបដូចជាជំងឺរ៉ាំរ៉ៃ ដែលបានកើតឡើងនៅចំណុចឆ្នេរលេងទឹកខេត្តកែបនេះ អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានបង្ហាញគោលជំហរក្នុងការលប់បំបាត់ទម្លាប់អាក្រក់របស់ក្រុមអាជីវករមួយក្តាប់តូចនេះចោល ដើម្បីស្តារកិត្តិយសលើវិស័យទេសចរណ៍នេះ និងលើកមុខមាត់ខេត្តឡើងវិញ។ 

លោក សោម ពិសិដ្ឋ បានមានប្រសាសន៍ថា ពេលវេលាដែលត្រូវអនុវត្តន៍នូវវិធានការនេះ នឹងមិនយូរនោះទេ នៅពេលដែលយើងមានជម្រើសជូននូវអ្វីដែលសាធារណៈមតិ មិនមានការពេញចិត្តនៅសកម្មភាពក្រាលកន្ទេលយកលុយពីភ្ញៀវទេសចរ លើការ៉ូឡាតាមបណ្តោយឆ្នេរលេងទឹកនេះ។ 

លោកបានបញ្ជាក់ថា តាមរយៈការធ្វើប្រជាមតិក្នុងបណ្តាញសង្គម កាលពីពេលកន្លងមក ឃើញថា ៩៩% នៃអ្នកដែលចូលមកបញ្ចេញមតិ មិនគាំឱ្យមានការបន្ត ក្រាលកន្ទេលយកលុយទៀតនោះទេ។ 

ទោះជាយ៉ាងណាលោកលើកឡើងថា៖ “យើងទុកជម្រើសឱ្យគាត់ (ក្រុមអាជីវករតាមបណ្តោយឆ្នេរ) យើងមិនអាចទៅបិទផ្លូវរបស់គាត់ ហើយមិនរកផ្លូវឱ្យគាត់ដើរនោះទេ យើងទុកជម្រើស អ៊ីចឹងវាអាស្រ័យទៅលើពេលវេលា ដូចនេះខ្ញុំតែងតែនិយាយថា សុំឱ្យមានការអត់ធ្មត់បន្តិច អ្វីៗនឹងប្រសើរឡើងវិញ”។ 

កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ អភិបាលខេត្តកែប បានធ្វើប្រជាមតិលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក យ៉ាងដូចនេះថា “ជាយូរលង់ណាស់មកហើយមានការក្រាលកន្ទេលពីសំណាក់អាជីវករមួយចំនួន តាមបណ្ដោយឆ្នេរសមុទ្រសាធារណៈក្នុងខេត្តកែប ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ដើម្បីរក្សាបាននូវសណ្តាប់សាធារណៈ តើយើងគួរ បន្តឱ្យមានស្ថានភាពរបៀបនេះបន្តទៀត ឬយ៉ាងណា?” ជាលទ្ធផលប្រជាពលរដ្ឋ ច្រើនលើសលប់បានគាំទ្រចំណាត់ការលែងឱ្យមានសកម្មភាពក្រាលកន្ទេលយកលុយពីភ្ញៀវលើទីតាំងសាធារណៈតទៅទៀត៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img