29 C
Phnom Penh
Tuesday, October 22, 2024

រុស្ស៊ី​បាញ់​ទម្លាក់​ដ្រូន​ប្រដាប់​អាវុធ​​ពីរ​គ្រឿង​ ដែល​ហោះសំដៅ​​ទៅ​ក្រុង​មូស្គូ​

ម៉ូស្គូ៖ អភិបាល​ក្រុង​ក្រុង​មូស្គូ​បាន​អះ​អាង​ថា​ ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​រុស្ស៊ី​បាន​បាញ់​ទម្លាក់​ដ្រូន​​​ប្រដាប់​អាវុធ​ចំ​នួន​​ពីរ​គ្រឿង​ ដែល​​ហោះ​​សំដៅ​ទៅ​ក្រុង​មូស្គូ។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​​ទីភ្នាក់ងារ​សារព័​ត៌​មាន​ផ្សេង​ៗ​។

​លោក​អភិបាល​ ​Sergei Sobyanin ​បាន​និយាយ​​លើ​​តេឡេក្រាម​ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា​ ដ្រូន​​មួយ​គ្រឿង​ ត្រូវ​បា​ន​បាញ់​ទម្លាក់​​នៅ​តំបន់​ Domodedovo ​នៅ​ជាយ​ក្រុង​ភាគ​ខាង​ត្បូង​ ខណៈ​ដ្រូន​មួយ​ទៀត​ ត្រូវ​បាន​​​បា​ញ់​ទម្លាក់​នៅ​តំបន់​ផ្លូវ​ហាយវេ​​ Minsk នា​ភាគ​ខាង​លិច​​ក្រុង​។

លោក​​ Sobyanin ​មិន​បាន​ហៅ​ឈ្មោះ​ថា​អ្នក​ណា​ស្ថិត​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​នោះ​ទេ​ ដោយ​ថ្លែង​ថា​ ​​«​​​នៅ​​ពេល​​នេះ ​មិន​​មាន​​ព័ត៌មាន​​អំពី​​ជន​រងគ្រោះ​​​ដោយ​សារ​តែ​ធ្លាក់​បំណែក​ដ្រូន​នៅ​ឡើយ​ទេ​»។ ​​

ចំណែកទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​រុស្ស៊ី​ ​​បាន​រាយការណ៍​​អំពី​ការ​ប៉ុន​ប៉ង​វាយ​ប្រហារ​ដោយ​ដ្រូន​នេះ​ ​ដោយ​​ស្រង់​សម្ដី​ការ​លើក​ឡើង​ពី​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​ ដែល​និយាយ​ថា​ ​ដ្រូន​របស់​អ៊ុយក្រែន​ត្រូវ​បាន​បំផ្លាញ​ក្នុង​ការ​ប៉ុន​ប៉ង​វាយ​ប្រហារ​ទីក្រុង​មូស្គូ​។​

គួរ​​​បញ្ជាក់​ថា​ នេះ​គឺ​ជា​លើក​ទី​៣​ ដែល​​ក្រុង​មូស្គូ​រង​ការ​​ប៉ុនប៉ង​វាយ​ប្រហារ​ដោយ​ដ្រូន​ ​​ក្នុង​​​សប្តាហ៍​នេះ​​។​ យោង​តាម​មន្ត្រី​រុស្ស៊ី​បាន​ឱ្យ​ដឹង​ថា​ ​រុស្ស៊ី​បាន​បាញ់​​ទម្លាក់​ដ្រូន​អ៊ុយក្រែន​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​សង្កាត់​ Podolsky ​នៅ​ជាយ​​ក្រុង​មូស្គូ​ ​និង​កាល​​ពី​ថ្ងៃ​ចន្ទ​នៅ​ជិត​តំបន់​ Kaluga ​។

ក្រៅ​ពី​នេះ​ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​​និយាយ​​កាល​​ពី​​សប្តាហ៍​​មុន​​ថា​​ ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន​ចំនួន​ប្រាំពីរ ​​គ្រឿង​នៅ​ជិត​តំបន់​ Kaluga ​ដែល​មាន​ចម្ងាយ​តិច​ជាង​ ២០០ គីឡូម៉ែត្រ​ ​ភាគ​និរតី​នៃ​ទីក្រុង​មូស្គូ​។​

​ថ្មីៗ​នេះ​ ទីក្រុង​មូស្គូ​បាន​ក្លាយ​ជា​គោលដៅ​វាយ​ប្រហារ​ដោយ​ដ្រូន​ បាញ់​ចេញ​ពី​អ៊ុយក្រែន​​​​។ កាល​ពី​ចុង​ខែ​​កក្កដា​ ប្រធានាធិបតី​អ៊ុយក្រែន​លោក​ វ្ល៉ូឌីមៀរ​ ហ្សេលេនស្គី​ បាន​ព្រមាន​ថា​  ​«​​សង្រ្គាម»​ កំពុង​ចូល​ទៅ​ដល់​​ប្រទេស​រុស្ស៊ី​ហើយ​ ដោយ​​​ទីកន្លែង​ផ្សេង​ៗ​ ​និង​មូលដ្ឋាន​យោធា​រុស្ស៊ី​ បាន​ក្លាយ​​ជា​គោលដៅ​។

យ៉ាង​ណា​មិញ​ ការ​វាយ​ប្រហារ​ដោយ​ដ្រូន​​​លើ​រុស្ស៊ី​ កើត​ឡើង​ខណៈ​រុស្ស៊ី​បន្ត​ការ​វាយ​ប្រហារលើ​ហេដ្ឋារចចនា​សម្ព័ន្ធ​ស៊ីវិល​នៅ​អ៊ុយក្រែន​ជា​ញឹក​ញាប់​​ ដោយ​សម្លាប់​ជន​ស៊ីវិល​ជា​ច្រើន​នាក់​។ បើ​តាម​លោក​ ហ្សេលេនស្គី​ កាល​ពី​​ថ្ងៃ​អង្គារ​ ការ​វាយ​ប្រហារដោយ​មីស៊ីល​​របស់​រុស្ស៊ី​លើ​​​អគារ​លំនៅដ្ឋាន​ សណ្ឋាគារ ​ហាងកាហ្វេ ​ហាង​ទំនិញ​ និង​អគារ​រដ្ឋបាល​ផ្សេង​ៗ​ បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ ៩ នាក់​ និង​​ជាង​ ៨០​ ​នាក់​រង​របួស៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img