ទាហានមកពីប្រទេសរុស្ស៊ី, តាហ្ស៊ីគីស្ថាន និងអ៊ូសបេគីស្ថានបានប្រើប្រាស់អាវុធថ្មីៗរបស់រុស្ស៊ី, កាំភ្លើងបាញ់ភ្លើង និងយានយន្តបាញ់មីស៊ីលពីដីទៅអាកាស នៅក្នុងសមយុទ្ធយោធាដែលត្រូវបានធ្វើឡើងនៅចម្ងាយតែ ២០គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនប្រទេសតាហ្ស៊ីគីស្ថាន និងអាហ្វហ្គានីស្ថាន ហើយដែលបានបិទបញ្ចប់កាលពីថ្ងៃអង្គារ ។
ទីក្រុងម៉ូស្គូ និងក្រុមប្រទេសសម្ព័ន្ធមិត្តអតីតសូវៀតនៅតំបន់អាស៊ីកណ្តាលរបស់ខ្លួនបានធ្វើសមយុទ្ធយោធាពីរដាច់ដោយឡែកពីគ្នា នៅជិតប្រទេសអាហ្វហ្គានីស្ថាននៅក្នុងខែនេះ ស្របពេលដែលក្រុមសកម្មប្រយុទ្ធតាលីបង់បានវាយដណ្ដើមបានដែនដីភាគច្រើននៃបណ្ដាខេត្តភាគខាងជើងក្នុងប្រទេសអាហ្វហ្គានីស្ថានដែលនៅជាប់នឹងតំបន់អាស៊ីកណ្តាល។

រដ្ឋមន្ត្រីការពារជាតិប្រទេសតាហ្ស៊ីគីស្ថានបាននិយាយនៅកន្លែងហ្វឹកហ្វឺនថា សមយុទ្ធនេះត្រូវបានធ្វើឡើងដោយបានគិតគូរទៅដល់ប្រទេសអាហ្វហ្គានីស្ថាន។ សមយុទ្ធនេះមានការចូលរួមពីទាហានចំនួន ២ពាន់៥រយនាក់, រថយន្តពាសដែករាប់រយគ្រឿង និងយន្តហោះ ២៥គ្រឿង។
កងកម្លាំងរុស្ស៊ីដែលបានចូលរួមក្នុងសមយុទ្ធនេះ គឺមកពីមូលដ្ឋានយោធាដែលមានទីតាំងនៅក្នុងប្រទេសតាហ្ស៊ីគីស្ថានដែលជាមូលដ្ឋានយោធាធំបំផុតរបស់រុស្ស៊ីនៅបរទេស។ យោងតាមក្រុមមន្ត្រីយោធារុស្ស៊ី យុទ្ធោបករណ៍ដែលត្រូវបានបង្ហាញនៅក្នុងសមយុទ្ធនេះនឹងត្រូវរក្សាទុកនៅក្នុងមូលដ្ឋានយោធារបស់រុស្ស៊ីក្នុងប្រទេសតាហ្ស៊ីគីស្ថាន៕


អត្ថបទ និងរូបភាពដោយ Puthi News