30 C
Phnom Penh
Tuesday, July 23, 2024

រុស្សីអាចនឹងប្រើអាវុធនុយក្លេអ៊ែរ បើអ៊ុយក្រែន ទទួលបានជោគជ័យការវាយបក

អតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) ដែលតែងតែលើកឡើងជាញឹកញាប់ពីលទ្ធភាពនៃការប្រើប្រាស់អាវុធ នុយក្លេអ៊ែរនៅក្នុងសង្រ្គាមអ៊ុយក្រែន បាននិយាយថាទីក្រុងមូស្គូ អាចនឹងប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើប្រតិបត្តិការវាយបករបស់អ៊ុយក្រែនទទួលបានជោគជ័យ។

នៅក្នុងសារបង្ហោះលើគណនីបណ្ដាញទំនាក់ទំនងសង្គមរបស់ខ្លួន លោក មេដវេដេវ បានសង្កត់ធ្ងន់ថារុស្ស៉ីនឹងត្រូវបង្ខំចិត្តងាកទៅរកអាវុធនុយក្លេអ៊ែរ ប្រសិនបើ សេណារីយ៉ូដែលប្រតិបត្តិការវាយបករបស់អ៊ុយក្រែន ពិតជាទទួលបានជោគជ័យ កើតឡើងមែននោះ។ អតីតប្រធានាធិបតីរុស្ស៉ីរូបនេះបានគូសបញ្ជាក់ដូច្នេះថា «សាកស្រម៉ៃមើល…ប្រសិនបើការវាយលុកដែលគាំទ្រដោយ NATO ទទួលបានជោគជ័យ ហើយពួកគេពុះចែកផែ្នកមួយនៃទឹកដីរបស់យើង នោះយើងនឹង ត្រូវបង្ខំចិត្តប្រើអាវុធនុយក្លេអ៊ែរ អនុលោមតាមបទបញ្ជានៃក្រឹត្យរបស់លោកប្រធានាធិបតី (ពូទីន)»។

លោក មេដវេដេវ បានបន្ថែមថា «វានឹងមិនមានជម្រើសងាយស្រួលផ្សេងពីនេះទេ។ ដូច្នេះសត្រូវរបស់យើងគួរតែបន់ឱ្យអ្នកចម្បាំងរបស់យើងទទួលជោគជ័យ ដើម្បីអាចធានាបានថាសង្រ្គាមនុយក្លេអ៊ែរនឹងមិនផ្ទុះឡើង»។

អ៊ុយក្រែន បច្ចុប្បន្ន កំពុងបើកប្រតិបត្តិវាយបក ដើម្បីដណ្ដើមយកទឹកដីរបស់ខ្លួនដែលកងទ័ពរុស្ស៉ីកំពុងកាន់កាប់ ក្នុងតំបន់ភាគខាងត្បូង និងភាគខាងកើតនៃប្រទេស។ ប្រតិបត្តិការវាយបកនេះទោះបីជាមានភាពយឺតយ៉ាវជាងការរំពឹងទុក តែកងកម្លាំងអ៊ុយក្រែននៅតែអាចដណ្ដើមបានទឹកដីមួយចំនួន របស់ខ្លួនមកវិញ និងបើទោះជាលោក ពូទីន ធ្លាប់បានព្រលយសម្ដីដែរថាប្រតិបត្តិការវាយបករបស់អ៊ុយក្រែនបានទទួលបរាជ័យ ក៏ដោយ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img