26 C
Phnom Penh
Saturday, July 27, 2024

រាជរដ្ឋាភិបាល សម្រេបង្កើតឃុំ-សង្កាត់ថ្មីចំនួន៣បន្ថែមទៀត នៅក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេបង្កើតឃុំ-សង្កាត់ថ្មីចំនួន ៣បន្ថែមទៀត នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (សង្កាត់អូរជ្រៅ និងសង្កាត់អូរឫស្សី)។ ចំណែកខេត្តកំពង់ស្ពឺ (ឃុំយាយម៉ៅពេជ្រនិល) តាមការស្នើសុំរបស់ក្រសួងមហាផ្ទៃ។ នេះបើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។ 

ក្នុងអនុក្រឹត្យ ដែលចុះហត្ថលេខាដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានបង្កើតជា សង្កាត់អូរជ្រៅ ដោយកាត់ភូមិចំនួន៧ ពីសង្កាត់ប៉ោយប៉ែត រួមមាន ភូមិអូរជ្រៅ ភូមិក្បាលកោះ ភូមិក្បាលស្ពាន១ ភូមិក្បាលស្ពាន២ ភូមិសាមគ្គីមានជ័យ ភូមិព្រៃព្រិច និងភូមិប៉ោយប៉ែត ព្រមទាំងកំណត់ទីតាំងសាលាសង្កាត់អូរជ្រៅ ត្រូវស្ថិតក្នុងភូមិព្រៃព្រិច។ ចំពោះសង្កាត់អូរឫស្សី កាត់ភូមិចំនួន៥ពីសង្កាត់ផ្សារកណ្តាល រួមមាន ភូមិអូរឫស្សី ភូមិប្រជាធម្មកើត ភូមិទួលពង្រ ភូមិអូរនាង និងភូមិព្រៃគប់ ព្រមទាំងកំណត់ទីតាំងសាលាសង្កាត់អូរឫស្សី ហើយត្រូវស្ថិតក្នុងភូមិទួលពង្រ។

ដោយឡែកសម្រាប់ខេត្តកំពង់ស្ពឺ ក៏ត្រូវសម្រេចបង្កើតឃុំថ្មីចំនួន១ផងដែរគឺ ឃុំយាយម៉ៅពេជ្រនិល ដែលស្ថិតនៅខេត្តកំពង់ស្ពឺ ត្រូវបានបង្កើតឡើង និងក្លាយជាដែនដីរដ្ឋបាលឃុំទី១២ ចំណុះឱ្យរដ្ឋបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ឃុំយាយម៉ៅពេជ្រនិលនេះ មានភូមិចំនួន៩ ដែលត្រូវបានកាត់ពីឃុំត្រែងត្រយឹង មកបង្កើតជារដ្ឋបាលឃុំយាយម៉ៅពេជ្រនិលនេះ រួមមានភូមិទី៣ ភូមិទី៦ ភូមិចំការចេក ភូមិទឹកចេញ ភូមិព្រីង ភូមិកងមាស ភូមិវាលធំ ភូមិសម្បទានសែនជ័យ និងភូមិស្រល់។ ចំណែកទីតាំងសាលាឃុំយាយម៉ៅពេជ្រនិល ដែលទើបនឹងបង្កើតថ្មី នឹងស្ថិតនៅក្នុងភូមិចំការចេក។

សូមបញ្ជាក់ថា ឃុំ-សង្កាត់ទាំង៣ ដែលត្រូវបានបង្កើតថ្មីនេះ មិនមានការរៀបចំការបោះឆ្នោតដាច់ដោយឡែក ដើម្បីបង្កើតក្រុមប្រឹក្សាឃុំថ្មីនេះទេ។ អនុក្រឹត្យបានតម្រូវឱ្យក្រុមប្រឹក្សាឃុំ-សង្កាត់ចាស់ នៅតែត្រូវបន្តគ្រប់គ្រងភូមិទាំងអស់ដដែល រហូតដល់មានក្រុមប្រឹក្សាឃុំ-សង្កាត់ថ្មីមកជំនួស៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img