ស្តាប់អត្ថបទជាសម្លេង
ភ្នំពេញ៖ ក្នុងរយៈពេល៥ខែ ដំបូងក្នុងឆ្នាំ២០២០ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រុមមន្ត្រីឧទ្យានុរក្ស របស់ក្រសួងបរិស្ថាន បានដកអន្ទាក់ចេញបានចំនួនជាង ១០,០០០អន្ទាក់ ដែលជាឧបករណ៍សម្រាប់ចាប់សត្វព្រៃ ហើយវាជាជញ្ជាំង នៃការស្លាប់របស់សត្វនៅក្នុងព្រៃ រួមទាំងប្រភេទសត្វដែលរងការគម្រាមកំហែងផងដែរ។
មន្ត្រីអនុរក្សបានចាត់ទុកអន្ទាក់ និងកាំភ្លើងកែច្នៃ គឺជាឃាតករលាក់មុខ សម្លាប់សត្វព្រៃ។ ជារៀងរាល់ឆ្នាំ សត្វព្រៃជាច្រើនពាន់ក្បាលត្រូវបានជួយសង្គ្រោះពីដៃព្រានព្រៃ និងដោះលែងចូលក្នុងព្រៃធម្មជាតិវិញ។ ក្នុងឆ្នាំ២០២០ កន្លងទៅ អន្ទាក់ជិត ៥០០០០ ត្រូវបានដោះចេញពីក្នុងតំបន់ព្រៃអភិរក្ស ផងដែរ។ ក្រៅពីនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមទាំងអស់គ្នា បញ្ឈប់ការបរបាញ់សត្វព្រៃ ការដាក់អន្ទាក់ចាប់សត្វព្រៃ បញ្ឈប់ការបរិភោគសាច់សត្វព្រៃ ការប្រើប្រាស់ផលិតផលពីសត្វព្រៃ ការជួញដូរសត្វព្រៃគ្រប់ប្រភេទ ហើយមកចូលរួមការពារ និងថែរក្សាធនធានធម្មជាតិរបស់កម្ពុជាឱ្យនៅស្ថិតស្ថេរ សម្រាប់កូនចៅជំនាក់ក្រោយ។
សកម្មភាពទាំងអស់នេះ នឹងជួយការពារទាំងសុខភាព សុខុមាលភាពរបស់មនុស្ស និងសត្វ ជីវៈចម្រុះ ព្រមបរិស្ថានទាំងអស់ ដែលនៅជុំវិញយើង ក៏ដូចជាចូលរួមទប់ស្កាត់ហានិភ័យនៃការបាត់បង់ជីវៈចម្រុះ និងការប្រែប្រួលអាកាសធាតុជាដើម។ ដើម្បីអនាគតមនុស្សជាតិ ត្រូវរួមគ្នាការពារ និងអភិរក្សធនធានធម្មជាតិព្រៃឈើ និងសត្វព្រៃ៕
អត្ថបទ និងរូបភាពដោយ៖ Puthi News