ភ្នំពេញ៖ រយ:ពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន មានអគ្គិភ័យកើតឡើងចំនួន ២ករណី ក្នុងនោះមួយករណីនៅខណ្ឌដង្កោ និងមួយករណីទៀតក្នុងខណ្ឌសែនសុខ។ នេះបើយោងតាមការឱ្យដឹងពីលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២២។
លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ថា ករណីអគ្គិភ័យកើតឡើងចំនួន២លើកនេះ មិនបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ ហើយបើប្រៀបនឹងថ្ងៃចូលឆ្នាំចិន៣ថ្ងៃ នៃឆ្នាំ២០២១ មាន២ករណីដូចគ្នា។ ជាការកត់សម្គាល់ តាមការអនុវត្តបទបញ្ជាយ៉ាងហ្មត់ចត់ និងម៉ឹងម៉ាត់របស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កងកម្លាំងបង្កា និងពន្លត់អគ្គិភ័យនៃការិយាល័យអគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តែងតែចុះផ្វព្សផ្សាយ និងណែនាំជាប្រចាំដល់ទីតាំងដែលមានហានិភ័យខ្ពស់ក្នុងការបង្កអគ្គិភ័យ ដូចជាស្ថានីយ៍ប្រេង កន្លែងលក់ហ្គាស់ តំបន់មិនរៀបរយ ក៏ដូចជាផ្ទះប្រជាពលរដ្ឋដែលមានការលក់ដូរសម្ភារផ្សេងៗ ហើយមួយរយៈពេលនេះបានសង្កេតឃើញថា ប្រជាពលរដ្ឋមានការយល់ដឹងច្រើន នៅពេលដែលពួកគាត់ចាកចេញពីផ្ទះសម្បែង ដោយគាត់បានយកចិត្តទុកដាក់ពិនិត្យមើលប្រព័ន្ធអគ្គិសនីផ្សេងៗ ការបិទប៉ារែតភ្លើងជាដើម។
សូមបញ្ជាក់ថា នៅវេលាម៉ោង ១៨:៤៧ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ អគ្គិភ័យបានឆេះផ្ទះប្រជាពលរដ្ឋចំនួន មួយខ្នង និងបានបំផ្លាញសម្ភារអស់ទាំងស្រុង ស្ថិតនៅក្នុងបុរី ពិភពថ្មីគួរស្រូវ២ ចំណុចផ្ទះលេខ៩០ ផ្លូវលេខ០៦ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយត្រូវបានរលត់ទៅវិញក្រោយពីកម្លាំងសមត្ថកិច្ចជំនាញប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង។ សមត្ថកិច្ចបានសន្និដ្ឋានថា ជាករណីឆ្លងចរន្តអគ្គីសនី។
ក្រៅពីនេះ មួយករណីទៀតអគ្គិភ័យបានឆាបឆេះផ្ទះមួយកន្លែង នៅវេលាម៉ោង៥:១៨នាទីល្ងាច ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅបុរីតាំងលឹម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍។ ករណីនេះកើតឡើងដោយសារការដុតទៀនធូបទុកចោល បណ្តាលឱ្យឆាបឆេះអសន: និងបង្កេជាអគ្គិភ័យ៕
អត្ថបទ និងរូបភាពដោយ៖ Puthinews
Telegram group: Puthinews
YOUTUBE | Puthinews
WEBSITE | Puthinews