ស្តាប់អត្ថបទជាសំឡេង
កំពត៖ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរមណីយដ្ឋានទេសចរណ៍ ក្រោមការគាំទ្រដោយគម្រោង (GMS TIIG) ដែលមានខេត្តចំនួន៣ គឺខេត្តកំពត ខេត្តកែប និងខេត្តកោះកុង នៅរមណីយដ្ឋានភ្នំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅរសៀលទី២៩ ខែកញ្ញា ឆ្នាំ២០២១ ក្រោមវត្តមាន លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ជាវ តាយ អភិបាលខេត្តកំពត ប្រតិភូខេត្តកែប និងខេត្តកោះកុង។
គម្រោង (GMS TIIG) ផ្ដោតសំខាន់លើការអភិវឌ្ឍ ហេដ្ឋរចនាសម្ព័ន្ធទេសចរណ៍ មានដូចជាការស្ថាបនា មជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ បន្ទប់ទឹកស្តង់ដា តូបលក់ដូរស្តង់ដា សម្រាប់អាជីវករ និងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងតំបន់ទេសចរណ៍។ ចំពោះតូបលក់ដូរសម្រាប់អាជីវករ មិនត្រូវបានយកប្រាក់នោះទេ។ ម្យ៉ាងវិញទៀត គម្រោងនេះស្ថិតក្នុង ក្របខ័ណ្ឌបណ្ដាប្រទេសមហាអនុតំបន់មេគង្គ ផ្ដោតសំខាន់ការអភិវឌ្ឍ ហេដ្ឋរចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើន ប្រកបដោយនិរន្តរភាព។
លោក ថោង ខុន បានលើកឡើងថា តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ តាមបណ្តាខេត្តនានា នៅទូទាំងប្រទេស បានបង្ហាញពីការកម្រើកឡើងវិញ នូវចំនួនភ្ញៀវទេសចរ ទៅកម្សាន្តនៅតាមបណ្តារមណីយដ្ឋាននានា ទូទាំងប្រទេស ហើយភ្ញៀវទេសចរប្រមាណ៩០ភាគរយ បានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ លើកទី២រួចរាល់។ ទន្ទឹមនឹងនេះ ក៏បានស្នើដល់ភ្ញៀវទេសចរទាំងអស់ ឱ្យចូលរួមអនុវត្តវិធានសុវត្តិភាព ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ចួន ទោះបីទទួលបានការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ រួចរាល់ក៏ដោយ ដើម្បីធ្វើយ៉ាងណា កុំឱ្យមានការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតាមតំបន់ទេសចរណ៍ និងកន្លែងកម្សាន្តទូទាំងប្រទេស ព្រោះភ្ញៀវទេសចរ មានតួនាទីយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ-១៩។
ក្រៅពីនេះក៏ជំរុញ ឱ្យមន្ទីរទេសចរណ៍ តាមបណ្តាខេត្តទាំងអស់ ត្រូវចាត់មន្ត្រីទេសចរចុះពិនិត្យ និងតាមដានឱ្យបានជាប់ជាប្រចាំ នូវការអនុវត្តវិធានការសុវត្តិភាពនានា ដែលដាក់ចេញដោយក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល នៅតាមបណ្តាគោលដៅទេសចរណ៍ រមណីយដ្ឋាន និងកន្លែងកម្សាន្តនានា ដើម្បីធានាបាននូវសុវត្តិភាពដល់ភ្ញៀវទេសចរណ៍។
លោករដ្ឋមន្ត្រី ក៏បានចាត់ទុកការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ រមណីយដ្ឋានទេសចរណ៍ គឺជាការងារសំខាន់សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ ពិសេសសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅកម្សាន្តប្រកបដោយភាពកក់ក្ដៅ និងជួយទ្រទ្រង់ធ្វើដល់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍ប្រកបដោយនិរន្តរភាព។ ចំពោះសមិទ្ធិផលអភិវឌ្ឍន៍ តំបន់ទេសចរណ៍ ដែលបានកើតចេញនៅពេលនេះ ត្រូវតែមានការចូលរួមថែរក្សាពីអាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញ និងប្រជាពលរដ្ឋដែលជាអាជីវករ ដើម្បីទុកបម្រើដល់សេវាកម្មទេសចរណ៍ ឱ្យបានយូរអង្វែង និងជំរុញឱ្យមានភាពទាក់ទាញ សម្រាប់ភ្ញៀវទេសចរណ៍ ទៅកម្សាន្តបន្ថែមទៀត៕
អត្ថបទ និងរូបភាពដោយ៖ Puthinews