27 C
Phnom Penh
Monday, July 15, 2024

របាំងស្បៃមុង ២២ កន្លែងត្រូវបានកម្លាំងផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទសហការគ្នាចុះបង្ក្រាប តែមិនទាន់ចាប់បានជនល្មើសណាមួយនៅឡើយ

កំពង់ឆ្នាំង៖ កម្លាំងសមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សហការជាមួយសង្កាត់ ជលផល ជល់គិរី និងសហគមន៍នេសាទបានចុះរុះរើរបាំងស្បៃមុង ២២កន្លែងកាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។

លោក ខៀវ សុផារិទ្ធ នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ ដឹកនាំកិច្ចប្រតិបត្តិការបានឲ្យដឹងថា ការចុះបង្ក្រាប បទល្មើសនេសាទនៅពេលនេះ នគឺបានសហការគ្នា ជាមួយអាជ្ញាធរដែនដីរួមទាំងសហគមន៍នេសាទ កៀនតាម៉ាផងដែរ ដោយប្រើប្រាស់កាណូតបាឡាស្មាច់ចំនួន៣គ្រឿង ចុះធ្វើសកម្មភាពបង្ក្រាបនៅចំណុចវាលស្រង៉ែ កប់ជេស និងគោកទន្សាយ ក្នុងភូមិសាស្ត្រភូមិព្រៃគ្រី ឃុំព្រៃគ្រី និងឃុំពាមឆ្កោក ស្រុកជលគីរី។

លោកបានបន្តថា ជាលទ្ធផល ក្នុងកិច្ចប្រតិបត្តិការបានរុះរើរបាំងស្បៃមុងចំនួន ២២កន្លែងមានប្រវែងជាង ៧០០ ម៉ែត្រ លប លូ ស្បៃមុង ២២មាត់ បង្គោល ២៥០ដើម នឹងចាក់លែងកូនត្រីល្អិតចូលបឹងធម្មជាតិវិញរាប់សិបគីឡូផងដែរ។

ក្នុងករណីនេះពុំមានចាប់ជនល្មើសណាម្នាក់បានឡើយដោយសារតែពេលសមត្ថកិច្ចទៅពួកគេចខ្លួនអស់។

សូមបញ្ជាក់ថារបាំងស្បៃមុងគឺជាបទល្មើសបំផ្លាញមច្ឆា ជាតិតូចធំគ្មានរើសមុខ ដែលច្បាប់នេសាទបានហាមឃាត់ជាដាច់ខាតពិសេសក្នុងរដូវបិទនេសាទនេះតែម្ដង។ ប៉ុន្តែជារឿយៗនៅតែមានជនខិលខូច លួចដាក់ជារៀងរាល់ថ្ងៃក្នុងភូមិសាស្ត្រស្រុកជល់គីរី៕ពៅ សុខហ៊ាន

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img