26 C
Phnom Penh
Sunday, July 14, 2024

រថយន្តសេរីទំនើបបុកពេញទំហឹងស្លាប់ប្តី របួសប្រពន្ធ ខណៈដឹកបន្លែទៅលក់

ភ្នំពេញ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ចំណែកប្រពន្ធបានរបួសធ្ងន់ ក្រោយអ្នកទាំងពីរដឹកបន្លែយកទៅលក់នៅផ្សារ ត្រូវរថយន្តសេរីទំនើប បើកបរដោយបុរសម្នាក់សង្ស័យស្រវឹង បុកពេញទំហឹង នៅម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តសេរីទំនើបមួយគ្រឿង ម៉ាក Audi A7 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2AZ-2550 បើកបរដោយបុរសម្នាក់ ធ្វើដំណើរក្នុងល្បឿនលឿនដូចហោះ តាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីកើតទៅលិច សង្ស័យស្រវឹង បានបុកប្តីប្រពន្ធ២នាក់ ដែលជិះម៉ូតូលើរ៉ឺម៉កដឹកបន្លែ បណ្តាលឲ្យស្លាប់ប្តី របួសប្រពន្ធ ចំណែករថយន្ត បន្តល្បឿនឡើងខឿន បុកបង្គោលភ្លើងជាប់គាំងក្បែរដើមឈើមួយដើម មិនអាចបន្តដំណើរទៅមុខរួច។ ភ្លាមៗនោះ ប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ បាននាំគ្នាជួយទាញយកម្ចាស់រថយន្ត ដែលមានវ័យប្រម៉ាណ២០ឆ្នាំចេញពីរថយន្ត ព្រមទាំងបានទាក់ទងទៅកាន់សម្តកិច្ចមូលដ្ឋាន រួមទាំងរថយន្តសាម៉ុយ ដើម្បីសង្គ្រោះបន្ទាន់ តែជាអកុសល្យអ្នកដឹកបន្លែម្នាក់ ភេទប្រុសត្រូវបានស្លាប់។ ចំណែកស្ត្រីជាប្រពន្ធ និងស្ត្រីម្នាក់ទៀតរងរបួសធ្ងន់។

តាមការឱ្យដឹងពីបងប្អូនសាច់ញាតិសព បានឱ្យដឹងថា មុនពេលកើតហេតុ ប្តីប្រពន្ធ២គូ រួមទាំងរ៉ឺម៉កចំនួន២គ្រឿង បានដឹកបន្លែចេញពីផ្សារដើមគ ដើម្បីយកទៅលក់នៅផ្សារ ជេនជូរី ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ ខណៈមកដល់ចំណុចកើតហេតុ ក៏ត្រូវបានរថយន្តខាងលើបុកតែម្តង។ សពមានឈ្មោះ ហ៊ុយ វណ្ណៈ ភេទប្រុស អាយុប្រមាណ៤០ឆ្នាំ មានទីលំនៅ នៅខេត្តស្វាយរៀង បច្ចុប្បន្នជាអាជីវករលក់បន្លែនៅផ្សារជេនជូរី។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្តត្រូវបានសមត្ថកិច្ចបញ្ជូនទៅប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ និងបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញ ចុះធ្វើការវាស់វែង នៅទីតាំងកើតហេតុ ព្រមទាំងរថយន្តបង្ក និងរ៉ឺម៉កជនរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំភាគីទាំងសងខាងធ្វើការដោះស្រាយនៅពេលក្រោយ។ ចំណែកសពត្រូវបានក្រុមគ្រូពេទ្យប្រគល់ឱ្យសាច់ញាតិ៕


អត្ថបទ និងរូបភាពដោយPuthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

អានបន្ត

spot_img