ស្តាប់អត្ថបទជាសំឡេង
រតនគិរី៖ ក្រុមប្រជាពលរដ្ឋរស់នៅក្នុងភូមិការជូត ឃុំញ៉ាងស្រុកអណ្ដូងមាស ខេត្តរតនគិរី កំពុងតែព្រួយបារម្ភខ្លាចបាក់ “ស្ពានតេជោសេសាន” ដោយបច្ចុប្បន្នមានរថយន្តកុងតឺន័រ និងរថយន្តដឹកជី រថយន្តដឹកអេស្កាវ៉ាទ័រ ឆ្លងកាត់ស្ពាននោះ។
ក្រុមប្រជាពលរដ្ឋនៅក្នុង ឃុំញ៉ាងបានលើងឡើងថានៅក្នុងរដូវវស្សាឆ្នាំនេះ ពួកគាត់សង្កេតឃើញមានរថយន្តធំៗ ឆ្លងកាត់ស្ពាន និងមានការដឹកជញ្ជូនគ្រឿងចក្រមួយចំនួនថែមទៀតផង ទាំងនេះហើយដែលពួកគាត់មានការព្រួយបារម្ភខ្លាចទាំងបាក់ស្ពាន ទាំងខូចផ្លូវ។
ពលរដ្ឋបានលើកឡើងទៀតថាបន្ទាប់ពីស្ពានបានសាងសង់រួច ពួកគាត់សប្បាយចិត្តរីករាយនឹងការធ្វើដំណើរនឹងកាត់បន្ថយ នៃការចំណាយប្រាក់ឆ្លងទូកដងាយស្រួលក្នុងការធ្វើដំណើរសិស្សានុសិស្សទៅសាលារៀនទៅមន្ទីរពេទ្យ ឬដឹកកសិផលផ្សេងៗតាមរយៈរថយន្តតូចបានដោយរលូន។ ដើម្បីការពារស្ពានឱ្យបានយូរពួកគាត់ បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានក៏ដូចជា អ្នកគ្រប់គ្រងថែរក្សាស្ពានជួយហាមឃាត់កុំឱ្យរថយន្តធំៗ ដឹកលើសទម្ងន់ឆ្លងកាត់ស្ពានខ្លាចបាក់ ធ្វើឱ្យពលរដ្ឋនៅក្នុងឃុំញ៉ាងទាំងមូលជួបផលពិបាកដូចមុនទៀត។
ទាក់ទងទៅនឹង ករណីនេះ លោក នួន ប៊ុនថ អភិបាលរងស្ដីទី ស្រុកអណ្ដូងមាសបានឱ្យដឹងតាមប្រព័ន្ធទូរស័ព្ទថា ការអនុញ្ញាតឱ្យរថយន្តឆ្លងកាត់ស្ពាននេះគឺអាជ្ញាធរ បានសហការជាមួយសមត្ថកិច្ចចរាចរណ៍ស្រុក និងអ្នកមើលការខុសត្រូវចំពោះស្ពានត្រឹមត្រូវទើបអនុញ្ញាតឱ្យឆ្លង។ ជាពិសេសគឺរថយន្តនីមួយៗ ត្រូវគោរពតាមបទដ្ឋានបច្ចេកទេស និងកម្រិតកំណត់ផ្ទុកទម្ងន់។
ជាមួយគ្នានេះ លោក អ៊ី វែង ជាអ្នកថែរក្សាស្ពានបានបញ្ជាក់តាមប្រព័ន្ធទូរស័ព្ទថា ការអនុញ្ញាតឱ្យរថយន្តកុងតឺន័រឆ្លងកាត់នេះ គឺក្រុមការងារលោកបានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងបច្ចេកទេសពិនិត្យរួចរាល់ទើបឱ្យឆ្លង និងមិនមានផ្ទុកលើសទម្ងន់កំណត់នោះទេ។
លោក អ៊ី វែង បញ្ជាក់ថាចំពោះការលើកឡើងរបស់ពលរដ្ឋថា មានឆ្លងគ្រឿងចក្រទៅត្រើយម្ខាងនោះ គឺមានការពិតមែនប៉ុន្តែគ្រឿងចក្រទាំងនោះមិនមែនជាគ្រឿងចក្រឯកជននោះទេ គឺជាគ្រឿងចក្ររបស់កងវិស្វកម្មដែលអភិវឌ្ឍន៍ផ្លូវបន្តពីគល់ស្ពានរហូតទៅដល់ខ្សែក្រវាត់ព្រំដែន ទើបលោកអនុញ្ញាតឱ្យឆ្លងតាមស្ពាននេះ។
លោ អ៊ី វែង និយាយថា “ការថែរក្សាស្ពាននេះខ្ញុំព្រួយបារម្ភជាងបងប្អូនប្រជាពលរដ្ឋទៅទៀត ព្រោះនេះគឺជាការទទួលខុសត្រូវរបស់ខ្ញុំ”។
សូមបញ្ជាក់ថា “ស្ពានតេជោសេសាន” នៅស្រុកអណ្ដូងមាសមានប្រវែង ២៥២ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលស្ថាបនានៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១១ រួចរាល់ជាស្ថាពរថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១២៕
អត្ថបទ និងរូបភាពដោយ៖ Puthinews