31 C
Phnom Penh
Saturday, July 27, 2024

រថយន្តដឹកឈើពេញមួយគ្រឿង ត្រូវបានសម្ថកិច្ចស្ទាក់ចាប់បាន តែស្នាក់ការរដ្ឋបាលព្រៃឈើផ្នែកមេមត់ហាក់មិនខ្វល់រឿងនេះ

ស្តាប់អត្ថបទជាសម្លេង

ត្បូងឃ្មុំ៖ មានរថយន្តដឹកឈើមួយគ្រឿង បានដឹកឈើ ចេញពីខេត្តមណ្ឌលគិរី ចូលមកដល់ខេត្តត្បូងឃ្មុំ ក៏ត្រូវសមត្ថកិច្ចខេត្តត្បូងឃ្មុំស្ទាក់ចាប់នៅវេលាម៉ោងប្រម៉ាណ ៨យប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នៅចំណុចឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ យកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើមេមត់ ដើម្បីពិនិត្យមើលឯកសារពាក់ព័ន្ធនានា តែរហូតមកដល់ម៉ោងប្រម៉ាណ១១ ថ្ងៃទី១៩ ខែសីហា លោក សួ ដាវី នាយផ្នែករដ្ឋបាលព្រៃឈើមេមត់ មិនបានចុះទៅពិនិត្យឡើយ។

ក្នុងករណីស្ទាក់ចាប់រថយន្តខាងលើនេះ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើហាក់មិនសូវសប្បាយចិត្ត ដោយមិនចង់សហការជាមួយកម្លាំងកងរាជអាវុធហត្ថ និងអ្នកសារព័ត៌មានឡើយ ដោយអះអាងថា ឈើទាំងនោះមានច្បាប់អនុញ្ញាត។ តែបន្ទាប់ពីមានការអន្តរាគមពី លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ទើបមានមន្ត្រីរដ្ឋបាលព្រៃឈើទៅសួរនាំ និងឃាត់រថយន្តដឹកឈើខាងលើទៅរក្សាទុកដើម្បីពិនិត្យមើលឯកសារពាក់ព័ន្ធ តែអ្វីដែលហួសចិត្តនោះគឺ មកដល់ម៉ោងប្រម៉ាណជាង១១ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ លោក សួ ដាវី នាយផ្នែករដ្ឋបាលព្រៃឈើមេមត់ មិនឃើញនៅកន្លែងធ្វើការ ហើយហៅទូរស័ព្ទចូលជាច្រើនដងគ្មានអ្នកទទួល។ ចំណែក លោក បែន បុល្លីណា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ ក៏ហៅទូរស័ព្ទជាច្រើនដងមិនចូលដូចគ្នាដោយជាប់រវល់រហូត។

ដោយសារតែមិនមានជំនាញចុះទៅពិនិត្យដូច្នេះ ទើបរហូតដល់ម៉ោងប្រម៉ាណ ១២ថ្ងៃត្រង់ គេនៅមិនទាន់ដឹងថា ឈើទាំងនោះមានច្បាប់អនុញ្ញាតឱ្យដឹកជញ្ជូនពិតប្រាកដមែន ឬយ៉ាងណានោះទេ។ តែបើតាមប្រភពមួយចំនួនដែលសុំមិនបញ្ជេញឈ្មោះ បានអះអាងថា ឈើទាំងនោះមិនមានច្បាប់អនុញ្ញាតឱ្យដឹកពីខេត្តមណ្ឌលគិរី ទៅរាជធានីភ្នំពេញ ដូចការអះអាងរបស់ម្ចាស់រថយន្តឡើយ ព្រោះមិនព្រមបង្ហាញឯកសារ ហើយបើមានច្បាប់មែនហេតុអ្វីក៏ខ្លាចសមត្ថកិច្ច ហើយបើករត់គេចទៅវិញ។

សូមបញ្ជាក់ថា សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ពីខេត្តក្រចេះ ចូលមកខេត្តត្បូងឃ្មុំ បានកើតឡើងយ៉ាងពេញបន្ទុកនាពេលបច្ចុប្បន្ន ដោយក្រុមឈ្មួញបានប្រើប្រាស់រថយន្តសាំយ៉ុង ដឹកបើកក្នុងលឿនៗ តាមដងផ្លូវដែលមើលទៅងាយបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋធ្វើដំណើរ ដោយគ្មានសមត្ថកិច្ចពាក់ព័ន្ធណាអន្តរាគមន៍ទប់ស្កាត់ ឬបង្ក្រាបឡើយ។ ប្រសិនបើមានការបង្ក្រាប លុះត្រាណាតែក្រុមអ្នកដឹកឈើទាំងនោះមិនបង់លុយទើបចាប់។ នេះជាការអះអាងរបស់ប្រជាពលរដ្ឋដែលបានឃើញករណីនេះដោយផ្ទាល់៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img