ស្តាប់អត្ថបទជាសម្លេង
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានប្រាប់អ្នកសារព័ត៌មានថា គិតមកដល់ពេលនេះ រាជរដ្ឋាភិបាល មិនទាន់មានការសម្រេច ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ជូនដល់ប្រជាពលរដ្ឋទូទៅ នៅឡើយនោះទេ ខណៈបច្ចុប្បន្ន មានតែការចាក់ចំពោះមន្ត្រីជួរមុខតែប៉ុណ្ណោះ។
ការបញ្ជាក់របស់លោក បានធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មុនឡើងយន្តហោះ នាំយកសម្ភារបរិក្ខាពេទ្យ និងថវិកា ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនទៅដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។
លោក បានលើកឡើងថា “កាលពីថ្ងៃម្សិលមិញ យើងបានប្រជុំពិភាក្សាគ្នា អំពីបញ្ហានេះ ប៉ុន្តែមិនទាន់មានការសម្រេចដ៏ខ្ពង់ខ្ពស់ ពីរាជរដ្ឋាភិបាលនៅឡើយនោះទេ”។
គួររំឭកថា ការចាប់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ជូនដល់មន្ត្រីរាជការជួរមុខ បានចាប់ផ្តើមឡើង កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ហើយគិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ មានមន្ត្រីរាជការជួរមុខរបស់កម្ពុជា ចំនួនជិត៣៦ម៉ឺននាក់ (៣៥៧ ៨៩៧នាក់) ហើយ ដែលបានទទួលការចាក់វ៉ាក់សាំងដូសជំរុញ ប្រភេទអាស្ត្រាហ្សេនីកា នេះបើយោងតាមរបាយការណ៍ អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេស៕
អត្ថបទ និងរូបភាពដោយ៖ Puthi News