26 C
Phnom Penh
Saturday, July 27, 2024

រដ្ឋមន្ត្រីសុខាភិបាល៖ យើងបានរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ ជាពិសេសពពួកបម្លែងថ្មី

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ លោករដ្ឋមន្រី្ត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ស្ថាប័នពាក់ព័ន្ធនានា អង្គការជាតិ អន្តរជាតិ វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ នាពេលកន្លងមកនេះ បានរួមចំណែកក្នុងការទប់ស្កាត់ការ រីករាលដាលនៃវីរុសកូវីដ-១៩ ជាពិសេសពពួកបម្លែងថ្មី ដូចជា អាល់ហ្វា និងដែលតា ក្នុងកម្រិតណាមួយក្តី យើងក៏មិនត្រូវមានអារម្មណ៍ស្កប់ស្កល់នឹងអ្វីដែលជាសមិទ្ធផលដែលយើងទទួលបានយ៉ាងលំបាកនេះទេ យើងត្រូវតែរួបរួមគ្នាជាបន្តទៅ ទៀត ដើម្បីទប់ស្កាត់មិនឱ្យមានការឆ្លង និងបាត់បង់អាយុជីវិតជាបន្ថែមទៀត នៅក្នុងបរិបទនៃការប្រយុទ្ធជំងឺកូវីដ-១៩ នេះ។

លោករដ្ឋមន្រី្ត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងថបែបនេះ ក្នុងពិធីបើកយុទ្ធនាការជាតិក្រោមប្រធានបទ “រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩”  ដែលបាន ធ្វើឡើងនៅទីស្តីការក្រសួងសុខាភិបាលនាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។

ទន្ទឹមនឹងនោះ ក្នុងគោលបំណងយុទ្ធនាការនេះ ដើម្បីក្រើនរំឭក ពញ្ញាក់ស្មារតី និងការបង្កើនជំរុញការចូលរួមរបស់បុគ្គល គ្រួសារ និងសហគមន៍ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ស្ថាប័ន-ក្រសួងពាក់ព័ន្ធ អង្គភាពសាធារណៈដទៃទៀត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពជំនាញនានា អង្គការជាតិ អន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងសេវាឯកជនទាំងអស់ ពួតដៃរួមគ្នាអនុវត្តវិធានការចាំបាច់ៗនានា ដែលបានដាក់ចេញ ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេងថ្លែងបន្តថា  ដើម្បីជម្រុញលើកទឹកចិត្តលោកអ្នកទាំងអស់គ្នា ឱ្យប្រែក្លាយចំណេះដឹងអំពីវិធាន ការបង្ការជំងឺដ៏កាចសាហាវនេះ ជាពិសេសគឺវិធានការ  “៣ការពារ ( ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិ ភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង៣កុំ (កុំទៅកន្លែងមានមនុស្សច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះ ពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា)” ដែលបានដាក់ចេញឱ្យអនុវត្តតាំងពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២០ មកនេះ ឱ្យក្លាយទៅជាការអនុវត្តជាក់ស្ដែងពិតប្រាកដបន្ថែមទៀត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយផ្តើមចេញពីបុគ្គលផ្ទាល់ ខ្លួនម្នាក់ៗ សមាជិកគ្រួសារ សហគមន៍ និងសង្គមទាំងមូល ដែលអនុញ្ញាតឱ្យយើងទាំងអស់គ្នាអាចបន្តអាជីវកម្ម និងប្រកបការងារលើគ្រប់វិស័យទាំងអស់ ព្រមទាំងអាចដំណើរការឡើងវិញបានជាបណ្ដើរៗ ហើយប្រជាពលរដ្ឋអាចប្រកបរបរ រកស៊ីទទួលទានចិញ្ចឹមជីវិតឡើងវិញប្រកបដោយសុវត្ថិភាព នៅក្នុងបរិបទរៀនរស់ជាមួយនឹងវីរុសកូវីដ-១៩ តាមបបរស់នៅ ធម្មតាក្នុងប្រក្រតីភាពថ្មី៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img