26 C
Phnom Penh
Saturday, July 27, 2024

រដ្ឋមន្ត្រីក្រសួងសាធារណការ ដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖   លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២០ ខែសីហានេះ  បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់ (IRITWG) ដោយមានការចូលរួមដោយផ្ទាល់ និងតាម Online ជាមួយនឹងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើបទបង្ហាញ ពីវឌ្ឍនភាពនៃគម្រោងកំពុងសាងសង់ និងនាពេលអនាគតនៅកម្ពុជា។  

កិច្ចប្រជុំនេះរៀបចំឡើងដើម្បីលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមរយៈការប្រើប្រាស់ ធនធានប្រកបដោយប្រសិទ្ធភាព កិច្ចសម្របសម្រួល និងការចែករំលែកព័ត៌មាន ដោយមានការចូលរួមធ្វើ បទបង្ហាញពីតំណាងក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន ជំនាញការទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ស្ថានទូត និងតំណាងដៃគូអភិវឌ្ឍន៍នានាផងដែរ។

ជាមួយគ្នានេះដែរអង្គប្រជុំក៏បានពិភាក្សាអំពីវឌ្ឍនភាពការងារក្នុងវិស័យផ្លូវជនបទ វឌ្ឍនភាពគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី របាយការណ៍វឌ្ឍនភាព ស្តីពីសកម្មភាពការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ ការគ្រប់គ្រងទឹកសំណល់នៅកម្ពុជា ការបោះពុម្ពផ្សាយ ស្ដីពីទស្សនទានវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ អាគាររដ្ឋបាលស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥ ការអភិវឌ្ឍ វិស័យភ័ស្តុភារកម្ម និងវឌ្ឍនភាពក្របខណ្ឌអភិវឌ្ឍន៍ភាពជាដៃគូរដ្ឋ និងឯកជន។ 

 ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រីបានលើកឡើងពីបច្ចុប្បន្នភាពនៃគម្រោងពង្រីក និងលើកកម្ពស់គុណភាពបណ្តាញផ្លូវជាតិ និងស្ពានសំខាន់ៗ និងគម្រោងនាពេលអនាគត ក្នុងនោះរួមមាន គម្រោងពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ និង២២ ផ្លូវជាតិ លេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៨ ផ្លូវជាតិលេខ៩ ផ្លូវជាតិលេខ១០ ការបញ្ចប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា ចិន ស្ទឹងត្រង់ ក្រូចឆ្មារ ការបញ្ចប់ការ ចរចាជាមួយក្រុមហ៊ុនម៉ៅការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ ដែលគ្រោងនឹងបើក ការដ្ឋាននៅចុងឆ្នាំនេះ។

លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ផងដែរអំពីគម្រោងលើកកម្ពស់គុណភាពផ្លូវពី ផ្លូវកៅស៊ូពីរស្រទាប់ស្តើង(DBST) ទៅជាផ្លូវបេតុងកៅស៊ូ(AC) ដែលរួមមានដូចជា ផ្លូវជាតិលេខ៤១ តភ្ជាប់ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣១ តភ្ជាប់ផ្លូវជាតិលេខ៣ទៅស្រុកកំពង់ត្រាច និងផ្លូវជាតិលេខ៣៣ តភ្ជាប់ពីខេត្តកែបទៅស្រុកកំពង់ត្រាច ហើយគម្រោងលើកកម្ពស់គុណភាព ផ្លូវទាំងបីខ្សែ នេះត្រូវបានចុះកិច្ចសន្យាសាងសង់រួចហើយ នៅរង់ចាំរៀបចំបើកការដ្ឋានសាងសង់នាពេលខាងមុខប៉ុណ្ណោះ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img