ស្តាប់អត្ថបទជាសំឡេង
ភ្នំពេញ ៖ លោកស្រីកត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីនៃក្រសួងកិច្ចការនារី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុកស្រ្តីជាឆ្អឹងខ្នង នៃសង្គមនិងសេដ្ឋកិច្ចជាតិ ដូច្នេះទើបបានដាក់ចេញនូវយុទ្ធសាស្រ្តអាទិភាព ដោយយកសមភាពយេនឌ័រ និងការផ្ដល់ភាពអង់អាចដល់ស្រ្តី ជាចំណុចស្នូល នៃវិធានការឆ្លើយតប នឹងការរីករាលដាលនានា ក៏ដូចជាគោលនយោបាយ ក្នុងក្របខ័ណ្ឌជាតិស្តារឡើងវិញនូវសេដ្ឋកិច្ច-សង្គម។
ការលើកឡើងនេះ លោកស្រីរដ្ឋមន្ត្រី បានធ្វើឡើង នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីស្រ្តីអាស៊ាន លើកទី៤ (4th AMMW) ក្រោមប្រធានបទ “សេដ្ឋកិច្ចឌីជីថល និងបរិយាប័ន្នហិរញ្ញវត្ថុ
ក្នុងការបង្កើនភាពប្រកួតប្រជែងរបស់ស្រ្តីអាស៊ាន” ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ដែលមានការចូលរួមពីសំណាក់ រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការស្រ្តី នៃប្រទេសជាសមាជិកអាស៊ានទាំង១០។
លោកស្រីកិត្តិបណ្ឌិតរដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ផងដែរថា នៅឆ្នាំ២០២២ ខណៈពេលកម្ពុជាទទួលតំណែងជាប្រធាន នៃកិច្ចប្រជុំកំពូលអាស៊ាន រាជរដ្ឋាភិបាល នឹងដឹកនាំកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំស្រ្តីអាស៊ាន លើកទី២ ដែលមានប្រធានបទស្របគ្នានឹងប្រធានបទ នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីស្រ្តីអាស៊ាន លើកទី៤នេះ។
នៅក្នុងកិច្ចប្រជុំនេះដែរ, លោកស្រី I Gusti Ayu Bintang Darmawati រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការស្ត្រី និងកិច្ចការពារកុមារ នៃប្រទេសឥណ្ឌូនេស៊ី ក៏បានលើកឡើងពីសារៈសំខាន់ នៃការបញ្ជ្រាបយេនឌ័រ សិទ្ធិស្ត្រីនិងកុមារ និងការបញ្ចូលវត្តមានរបស់ស្ត្រីលើគ្រប់វិស័យ។ ការលើកឡើងនេះ ត្រូវបានគាំទ្រពេញទំហឹងពីលោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី និងលោក Lim Jock Hoi អគ្គលេខាធិការអាស៊ាន។
អគ្គលេខាធិការអាស៊ាន បានលើកឡើង អំពីការទទួលស្គាល់នៃសំណាក់ថ្នាក់ដឹកនាំ របស់ប្រទេសក្នុងសហគមន៍អាស៊ាន ទៅលើតួនាទី និងពីការរួមចំណែក ដែលមិនអាចខ្វះបានរបស់ស្ត្រី ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការថែរក្សាសន្តិភាព និងសន្តិសុខ ទូទាំងពិភពលោក និងក្នុងតំបន់អាស៊ាន តាមរយៈកិច្ចប្រជុំកំពូល ថ្នាក់ដឹកនាំស្ត្រីអាស៊ានលើកដំបូង ដែលបានដឹកនាំ ដោយប្រទេសវៀតណាម កាលពីឆ្នាំ២០២០ ក្រោមប្រធានបទ “តួនាទីស្ត្រីក្នុងការកសាងសហគមន៍អាស៊ាន ប្រកបដោយភាពស្អិតរមួត រឹងមាំ ចីរភាពនិងបរិយាប័ន្ន ក្រោយវិបត្តិកូវីដ-១៩” និងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ ស្តីពីការផ្តល់ភាពអង់អាចដល់ស្ត្រី ក្នុងយុគសម័យឌីជីថល ថ្នាក់ដឹកនាំនៃប្រទេស ក្នុងសហគមន៍អាស៊ាន ក៏បានបញ្ជាក់ពីសារៈសំខាន់ នៃការលើកកម្ពស់សុខុមាលភាព និងការអភិវឌ្ឍរបស់ស្ត្រីនិងកុមារទាំងអស់ នៅក្នុងតំបន់អាស៊ាន ធ្វើឱ្យកាន់តែប្រសើរឡើង នូវលទ្ធភាពទទួលបាននិងឆ្លើយតប នឹងបញ្ហាប្រឈមនានា ដែលជះឥទ្ធិពលពីការអភិវឌ្ឍដ៏ឆាប់រហ័ស នៃបច្ចេកវិទ្យាគមនាគមន៍ និងបញ្រ្ជាបនូវតម្រូវការស្ត្រីនិងកុមារ ឆ្លើយតបនឹងជំងឺកូវីដ-១៩ ក៏ដូចជាភាពធន់ និងការស្តារឡើងវិញ ពីវិបត្តិនៃជំងឺផងដែរ៕
អត្ថបទ និងរូបភាពដោយ៖ Puthinews