ស្តាប់អត្ថបទជាសម្លេង
ភ្នំពេញ ៖ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចកានារី នារសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានមានប្រសាសន៍ថា ភាពជាដៃគូរបស់អង្គការ UNFPA និងក្រសួងកិច្ចការនារី មានលក្ខណៈល្អប្រសើរ តាំងពីឆ្នាំ១៩៩៤។ UNFPA មានសកម្មភាពជាច្រើន ដើម្បីចូលរួមកិច្ចអវឌ្ឍន៍ ក្នុងប្រទេសកម្ពុជា ក្នុងនោះ UNFPA ក៏បានចូលរួមជាមួយក្រសួងកិច្ចការនារី ដូចជា៖ ទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ការរៀបចំគោលនយោបាយជាតិ ស្តីពីសមភាពយេនឌ័រ ការអភិវឌ្ឍសមត្ថភាពរបស់យុវជន និងការផ្សព្វផ្សាយលើកប្រព័ន្ធសង្គម។

ការលើកឡើងរបស់លោកស្រី បានធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យលោក ដានីញែល អាលេម៉ូ (Dr. Daniel Alemu) អ្នកដំណាងរបស់អង្គការ UNFPA ប្រចាំប្រទេសកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ខណៈលោកនឹងបញ្ចប់បេសកកម្ម នៅប្រទេសកម្ពុជា នាពេលខាងមុខ។
លោកស្រីរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះអង្គការ UNFPA ដែលបានជួយគាំទ្រ ដល់ក្រសួងកិច្ចការនារី និងនាពេលថ្មីៗ UNFPA ក៏បានធ្វើការប៉ាន់ប្រមាណមួយ ស្តីពីផលប៉ះពាល់នៃវីរ៉ីសកូវីដ-១៩ លើអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅប្រទេសកម្ពុជាផងដែរ។ UNFPA បានគោរពភាពជាម្ចាស់របស់រាជរដ្ឋាភិបាល ព្រមទាំងមានភាពជឿជាក់ មកលើការដឹកនាំរបស់ក្រសួងកិច្ចការនារី។
លោកស្រី បន្ថែមថា UNFPA មានតួនាទីជាអ្នកជួយជម្រុញ និងផ្តល់ការគាំទ្រ ដល់រាជរដ្ឋាភិបាលក្នុងការអនុវត្តច្បាប់ និងគោលនយោបាយ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាជន។

ក្នុងឱកាសនោះដែរ លោក Daniel យល់សម្របជាមួយប្រសាសន៍ របស់លោកជំទាវរដ្ឋមន្រ្តី ដែលមានលើកឡើង ពីភាពជាដៃគូររបស់ក្រសួងកិច្ចការនារី និង UNFPA។
លោកបានបន្ថែមថា ក្រសួងកិច្ចការនារីមាន ផែននារីរតនៈទី៥ គោលនយោបាយជាតិស្តីពីសមភាពយេនឌ័រ និងផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សា ដែលជាមួលដ្ឋានដ៏រឹងមាំមួយ។ អ្វីដែលសំខាន់ ក្រសួងកិច្ចការនារី គួរគៀងគរដៃគូរពាក់ព័ន្ធនានា ចូលរួមអនុវត្តជាមួយគ្នា ដើម្បីសម្រេចផែនការសម្មកភាព និងគោលនយោបាយទាំងអស់នោះ៕



អត្ថបទ និងរូបភាពដោយ៖ Puthi News