ស្តាប់អត្ថបទជាសម្លេង
ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា រដ្ឋបាលខេត្ត នឹងជ្រើសរើសយកសាលាដែលមានសុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់បានល្អ បើកដំណើរការសាកល្បងមុនគេ និងឈានទៅបើកសាលាបន្តបន្ទាប់យោងតាមស្ថានភាពសមស្រប។
អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្នុងដំណាក់កាលដំបូងនេះ រដ្ឋបាលខេត្ត ផ្តោតលើសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ព្រោះជាថ្នាក់ត្រូវប្រឡងសញ្ញាបត្រនាពេលខាងមុខ ដោយគ្រោងបើកសាកល្បងដំបូងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ចំនួន០៥សាលា នៅតាមក្រុងស្រុកទាំង៥ មានដូចជា ១. វិទ្យាល័យកែវផុស នៅស្រុកស្ទឹងហាវ ២. អនុវិទ្យាល័យទួលកែវ នៅស្រុកព្រៃនប់ ៣. វិទ្យាល័យ ហ៊ុន សែន មិត្តភាព នៅក្រុងព្រះសីហនុ ៤. អនុវិទ្យាល័យស្ទឹងសំរោង នៅស្រុកកំពង់សីលា និង៥. អនុវិទ្យាល័យព្រែកស្វាយ នៅក្រុងកោះរ៉ុង។
ការលើកឡើងនេះរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សា ការអនុវត្តសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា ស្តីពីការបង្រៀន និងរៀនតាមបណ្តុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដែលមានហានិភ័យទាប ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុក និងមេឃុំ ចៅសង្កាត់ក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១។
ក្នុងកិច្ចប្រជុំពិភាក្សា លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ត្រូវអនុវត្តទៅតាមនីតិវិធីស្តង់ដារ ប្រតិបត្តិ(SOP) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដូចជា ១-ធ្វើសំណាកតេស្តវិភាគរកជំងឺកូវីដ-១៩ យ៉ាងទៀងទាត់ចំពោះសិស្ស និងគ្រូ ដើម្បីធានាថា ការបើកសាលាសាកល្បងឡើងវិញរបស់យើង មិនមានហានិភ័យនៃការឆ្លងជំងឺនេះ។ ២-ចំពោះលោកគ្រូ អ្នកគ្រូ និងសិស្ស ត្រូវបានទទួលការចាក់វ៉ាក់សាំងទាំងពីរដូស រួចរាល់ទើបអនុញ្ញាតឱ្យចូលរៀន និងចូលបង្រៀន។ ហើយចំពោះសិស្ស និងគ្រូដែលមិនបានចាក់វ៉ាក់សាំងមិនអនុញ្ញាតឱ្យចូលរៀន និងបង្រៀននោះទេ ប្រសិនបើមិនមានការបញ្ជាក់ហេតុផលច្បាស់លាស់ និងត្រូវរក្សាគម្លាតសុវត្ថិភាព និងគម្លាតសង្គមជាចម្បង ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺ ៣. ការពារ និង៣.កុំ។
ជាមួយគ្នានេះលោកអភិបាលខេត្ត ក៏បានដាក់ផែនការនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ នឹងចុះត្រួតពិនិត្យការរៀបចំ និងដាក់ឱ្យអនុវត្តនីតិវិធីស្តង់ដារប្រតិបត្តិ(SOP) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតាមសាលាទាំង៥ខាងលើ មុនបើកឱ្យដំណើរការ ដើម្បីឱ្យប្រាកដថាមិនមានចំណុចឆកល្វែង និងធានាបានសុវត្ថិភាពចំពោះសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូរបស់យើង៕
អត្ថបទ និងរូបភាពដោយ៖ Puthi News