30 C
Phnom Penh
Sunday, October 6, 2024

រញ្ជួយដីដ៏ខ្លាំងក្លាវាយប្រហារភាគនិរតីនៃប្រទេសម៉ិកស៊ិក

ស្តាប់អត្ថបទជាសម្លេង

រញ្ជយដីដ៏ខ្លាំងមួយបានវាយប្រហារភាគនិរតីនៃប្រទេសម៉ិកស៊ិកកាលពីយប់ថ្ងៃអង្គារដោយបង្កឲ្យមានរំញ័រយ៉ាងឆ្ងាយរហូតដល់រដ្ឋធានីម៉ិកស៊ីកូនិងបានសម្លាប់មនុស្សយ៉ាងហោចមួយនាក់

រញ្ជួយដីកម្រិត៧រ៉ិចទ័រដែលបានកើតឡើងនៅទីក្រុង អាកាប៉ាល់កូ (Acapulco) ក្នុងរដ្ឋហ្គឺរេរ៉ូ (Guerrero) ដែលមានចម្ងាយ៣៧០គីឡូម៉ែត្រពីរដ្ឋធានីម៉ិកស៊ីកូនោះបានធ្វើឲ្យដួលរលំដើមឈើ និងបាក់ផ្ទាំងថ្មធំៗទៅលើផ្លូវ។

ដំបូងឡើយទីភ្នាក់ងារឧតុនិយមជាតិម៉ិកសុិកបានប្រកាសព្រមានពីលទ្ធភាពនៃការកើតមានរលកយក្សស៊ូណាមិ ប៉ុន្តែក្រោយមកត្រូវបានលុបចោលវិញ។

អភិបាលរដ្ឋ ហ្គឺរេរ៉ូ (Guerrero) បានប្រាប់ទូរទស្សន៍ក្នុងស្រុកថា បុរសអាយុ១៩ឆ្នាំបានបាត់បង់ជីវិតដោយសារបង្គោលភ្លើងបាក់សង្កក់ពីលើ។

ប្រធានាធិបតីម៉ិកស៊ិកលោក អានដ្រេស ម៉ានុយអែល ឡូប៉េស អូប្រាដ័រ (Andres Manuel Lopez Obrador) បាននិយាយថា រញ្ជួយដីដែលមានជម្រៅ១២.៦គីឡូម៉ែត្រនោះមិនបានបង្កឲ្យមានការខូចខាតធ្ងន់ធ្ងរទេនៅក្នុងរដ្ឋ ហ្គឺរេរ៉ូ (Guerrero) និងតំបន់ដែលនៅជុំវិញ។

សេវាផ្គត់ផ្គង់អគ្គិសនីរដ្ឋបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា អតិថិជនប្រហែល១.៦លាននាក់ត្រូវបានគេប៉ាន់ស្មានថានឹងមិនមានអគ្គិសនីប្រើប្រាស់នៅក្នុងរដ្ឋធានីម៉ិកស៊ិក និងរដ្ឋចំនួន៤ផ្សេងទៀត។

គ្រោះរញ្ជួយដីគឺមិនមែនជារឿងចម្លែកទេនៅក្នុងប្រទេសម៉ិកស៊ិកដោយសារទីតាំងរបស់វាស្ថិតនៅគែមនៃផ្លាកតិចតូនិចនៅតំបន់អាមេរិកខាងជើង៕

អត្ថបទ និងរូបភាពដោយះ Puthi News

អានបន្ត

spot_img
spot_img