ស្តាប់អត្ថបទជាសម្លេង
បន្ទាយមានជ័យ៖ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន ១២៤នាក់ បន្ថែមទៀត និងមានអ្នកជាសះស្បើយចំនួន២៤នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមការឱ្យដឹងពីរដ្ឋបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ការរកឃើញវិជ្ជមានកូវីដ-១៩ថ្មីដ៏ច្រើននេះ យោងតាមលទ្ធផលតេស្តរហ័ស (Rapid Test) មន្ទីរពិសោធន៍ជាតិភ្នំពេញ(NIPH) ដែលជាករណីឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងពលករវិលត្រឡប់មកពីប្រទេសថៃ ដែលស្ថិតក្នុងការគ្រប់គ្រងរបស់ខេត្តបន្ទាយមានជ័យ។
ទន្ទឹមនឹងនេះ អាជ្ញាធរបានប្រាប់ដល់អ្នកដែលបានប៉ះពាល់ដោយផ្ទាល់ រូសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ។ ចំណែកអ្នកដែលបានប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ទាំង១៣៦នាក់ សូមរូសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត និងប្រញាប់ទៅជួបក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ឬមន្ទីរពេទ្យខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាពឃុំ សង្កាត់ និងអាជ្ញាធរមូលដ្ឋាន ប្រសិនមានអាការ:សង្ស័យ៕
អត្ថបទ និងរូបភាពដោយ៖ Puthi News