ភ្នំពេញ៖ ប្ដីប្រពន្ធចំនួន ២នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩បំប្លេងថ្មី ដែលតា(Delta) ស្ថិតនៅចំណុចផ្សារឌុយមិច ផ្លូវលេខ១៣៤ ក្នុងសង្កាត់វាលវង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។ ពេលនេះ អាជ្ញាធរបានចុះធ្វើការបិទខ្ទប់បណ្តោះអាសន្នហើយ ដើម្បីឱ្យក្រុមគ្រូពេទ្យចុះយកសំណាកនៅចំណុចទីតាំងនោះ។
យោងតាមប្រភពព័ត៌មានពីអាជ្ញាធរដែលនៅទីតាំងខាងលើ បានឱ្យដឹងថា ពីរនាក់ប្ដីប្រពន្ធដែលវិជ្ជមានកូវីដ-១៩បំប្លែងថ្មីនេះ កន្លងមកពួកគាត់ទាំងពីរនាក់ជាអ្នកលក់ដូររកស៊ីនៅចំណុចបឹងសាឡាង ស្ថិតនៅក្នុងខណ្ឌទួលគោក តែបន្ទាប់មកសង្កាត់បឹងសាឡាងត្រូវបានបិទខ្ទប់ ដោយការរកឃើញមេរោគបំប្លែងថ្មីនេះ ទើបពួកគាត់ទាំងពីរនាក់ប្ដីប្រពន្ធបានធ្វើការផ្អាកការលក់ដូរ និងទៅសម្រាកនៅផ្ទះវិញ តែពេលនេះទើបចេញជារោគសញ្ញា និងឈានដល់ការយកសំណាកទើបឃើញវិជ្ជមានមេរោគបំប្លេងថ្មីដែលតានៅពេលនេះ។
ពាក់ព័ន្ធនឹងការបិទខ្ទប់នេះ អាជ្ញាធរបានប្រាប់ជាពលរដ្ឋ ក៏ដូចជាអាជីវករដែលរស់នៅ និងប្រកបការលក់ដូរនៅតាមបណ្ដោយផ្លូវលេខ ១៣៤z នៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ចូលរួមយកសំណាកឱ្យបានគ្រប់គ្នា ដើម្បីធ្វើការទប់ស្កាត់មេរោគបំប្លែងថ្មីនេះឱ្យបានទាន់ពេលវេលា៕
អត្ថបទ និងរូបភាពដោយ៖ Puthi News