27 C
Phnom Penh
Monday, July 15, 2024

យ៉ាងហោចណាស់មនុស្ស៧៨នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅប្រទេសយេម៉ែន

ក្រុងសាណា៖ កាលពីម្សិលមិញ យ៉ាងហោចណាស់​មនុស្ស៧៨នាក់​បាន​ស្លាប់ និង​រាប់រយ​នាក់​ បានរងរបួស​ក្នុង​ហេតុការណ៍​រត់​ជាន់គ្នា ​ក្នុង​រដ្ឋធានី​យេ​ម៉ែន នៅពេលប្រជ្រៀតគ្នាចូល​ទៅ​ក្នុង​សាលា​មួយ​កន្លែង ដើម្បីទទួលលុយបរិចាគក្នុងពិធីបុណ្យរ៉ាម៉ាដាន។

ការរត់ជាន់គ្នា បានកើតឡើងកាលពីល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ស្របពេលមនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នាសម្រុកចូលទៅក្នុងសាលារៀនមួយកន្លែង ស្ថិតនៅក្នុងទីក្រុង សាណា ប្រទេសយេម៉ែន ដោយសង្ឃឹមថា នឹងទទួលបានអំណោយសប្បុរសធម៌ជាប្រាក់ប្រហែល១០ដុល្លារសម្រាប់មនុស្សម្នាក់ ពីឈ្មួញសប្បុរស ដើម្បីប្រារព្ធថ្ងៃចុងក្រោយនៃបុណ្យរ៉ាម៉ាដានតាមសាសនាឥស្លាម។

សាក្សីនៅកន្លែងកើតហេតុបានរៀបរាប់ថា កងកម្លាំងប្រដាប់អាវុធយេម៉ែន បានបាញ់កាំភ្លើងទៅលើអាកាស ក្នុងគោលបំណងគ្រប់គ្រងក្រុមមនុស្សដ៏ច្រើនកកកុញ ប៉ុន្តែគ្រាប់កាំភ្លើងបានប៉ះត្រូវខ្សែភ្លើងទើបបណ្តាលឆេះផ្ទុះចេញផ្កាភ្លើង ធ្វើឲ្យមនុស្សភ័យស្លន់ស្លោរត់ជាន់គ្នាស្លាប់តែម្តង។

ឃ្លីបវីដេអូផ្សាយតាមប៉ុស្តិ៍ទូរទស្សន៍ បានបង្ហាញសាកសពមនុស្សគរលើគ្នានៅពេលព្យាយាមរត់ចេញពីកន្លែងប្រមូលផ្តុំគ្នា។

ឃ្លីបវីដេអូទាំងនេះ បានបង្ហាញឲ្យឃើញទៀតថា មនុស្សជាច្រើនបានយកដៃខ្លួនឯងទៅបិទមាត់អ្នកដទៃធ្វើឲ្យថប់ដង្ហើម ចំណែកខ្លះដួលគរលើគ្នា ទើបបណ្តាលឲ្យស្លាប់ភ្លាមៗ។

ចំណែករូបថតផ្សេងទៀតបង្ហាញពីប្រឡាក់ឈាមស្បែកជើង និងសម្លៀកបំពាក់របស់ជនរងគ្រោះ ដែលរាយប៉ាយនៅលើដី ហើយក្រុមអ្នកស៊ើបអង្កេតកំពុងពិនិត្យតំបន់នោះ។

ទីភ្នាក់ងារ​ព័ត៌មាន AFP របស់បារាំងបាន​រាយការណ៍​ថា មនុស្ស​ជាង៣០០នាក់​បាន​រង​របួស​។ ចំណែកខាងមន្ទីរពេទ្យវិញ បានឲ្យដឹងថា យ៉ាងហោចណាស់អ្នករបួស៧៣នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងទីក្រុង សាណា រីឯក្រុមគ្រួសារសាច់ញាតិ បានប្រញាប់ប្រញាល់ទៅកាន់មន្ទីរពេទ្យនោះ ដើម្បីព្យាយាមស្វែងរកមនុស្សជាទីស្រលាញ់របស់ខ្លួន។

អ្នកតាមដានហេតុការណ៍នេះ ​នៅ​ទីក្រុង សាណា បាន​និយាយ​ថា គ្រោះ​មហន្តរាយ​រត់ជាន់គ្នាស្លាប់នេះ បាន​បង្ក​ឲ្យ​មហាជនមាន​កំហឹងនៅទូទាំង​ពេញ​ប្រទេសយេម៉ែន។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃយេម៉ែន បាន​ពណ៌នា​ឧបទ្ទវហេតុ​នេះ​ថា ​ជាសោកនាដកម្ម ហើយ​បន្ទោសការ​ចែកលុយដោយគ្មានការគ្រោងទុកមុនឲ្យមានត្រឹមត្រូវ និង​គ្មាន​ការ​ចូលរួមសម្របសម្រួល​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន។

ក្រសួងមហាផ្ទៃបាននិយាយថា អ្នកជំនួញពីរនាក់ ដែលរៀបចំព្រឹត្តិការណ៍នេះ ត្រូវបានឃាត់ខ្លួន ហើយការស៊ើបអង្កេតកំពុងដំណើរការបន្តទៀត។ រដ្ឋាភិបាលយេម៉ែន បានប្រកាសថា អ្នកជំនួញទាំងពីរនាក់នេះ នឹងត្រូវផ្តល់សំណងជាទឹកប្រាក់ចំនួន២ ០០០ដុល្លារដល់គ្រួសារនីមួយៗ ដែលបានបាត់បង់សាច់ញាតិ ខណៈអ្នករងរបួសនឹងទទួលបានប្រាក់ប្រហែល៤០០ដុល្លារ។

ប្រទេសយេម៉ែនកំពុងធ្លាក់ចូលក្នុងសង្គ្រាស៊ីវិលអស់ជាច្រើនឆ្នាំ រហូត​មានការ​អន្តរាគមន៍​ពី​ក្រុម​ចម្រុះ ​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត​ ហើយមនុស្សជាង១៥០ ០០០នាក់ រួមទាំងយុទ្ធជន និងជនស៊ីវិល ត្រូវបានសម្លាប់នៅក្នុងជម្លោះនេះ ដែលចុងក្រោយនេះបានបង្កនូវគ្រោះមហន្តរាយមនុស្សធម៌ដ៏អាក្រក់បំផុតមួយរបស់ពិភពលោក។

យោងតាមការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលផ្នែកកិច្ចការមនុស្សធម៌ បានឲ្យដឹងថា
ប្រជាជនយេម៉ែនជាង២១លាននាក់ កំពុងត្រូវការជំនួយសង្គ្រោះពីបរទេស និងការការពារផ្នែកសន្តិសុខ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img