ក្រសួងការពារជាតិអាមេរិក កាលពីថ្ងៃចន្ទ បានប្រកាសថា ខ្លួននឹងតម្រូវឲ្យបុគ្គលិកយោធាទាំងអស់ចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន ហ្វាយហ្ស័រ (Pfizer) ជាកំហិត បន្ទាប់ពីវ៉ាក់សាំងនេះបានទទួលការអនុម័តឲ្យប្រើពេញលេញពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក។
មន្ត្រីនាំពាក្យឲ្យក្រសួងការពារជាតិអាមេរិក លោក ចន ឃឺប៊ី (John Kirby) បានប្រាប់ក្រុមអ្នកយកព័ត៌មានថា គោលការណ៍ណែនាំថ្មី និងពេលវេលាជាក់លាក់ដែលបុគ្គលិកយោធាអាចចាប់ផ្ដេីមមកចាក់វ៉ាក់សាំងនេះ នឹងត្រូវបានប្រកាសនៅប៉ុន្មានថ្ងៃខាងមុខ។
រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក កាលពីថ្ងៃចន្ទ បានអនុម័តឲ្យប្រើប្រាស់ពេញលេញនូវវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន ហ្វាយហ្ស័រ (Pfizer) ដែលនេះធ្វេីឲ្យវាបានក្លាយជាវ៉ាក់សាំងកូវីដ-១៩ ដំបូងគេបង្អស់នៅក្នុងអាមេរិកដែលទទួលបានការអនុម័តឲ្យប្រើប្រាស់ពេញលេញ ក្រោយពីវ៉ាក់សាំងនេះបានទទួលការអនុញ្ញាតឲ្យប្រេីប្រាស់ក្នុងគ្រាបន្ទាន់កាលពីខែធ្នូ។
ក្រសួងការពារជាតិអាមេរិកបានប្រកាសនៅខែនេះថា ខ្លួននឹងស្វែងរកការអនុម័តពីប្រធានាធិបតី ចូ បៃដិន (Joe Biden) នៅត្រឹមពាក់កណ្តាលខែកញ្ញាខាងមុខ ដើម្បីតម្រូវឲ្យសមាជិកយោធាជាង ១លាន៣សែននាក់ចាក់វ៉ាក់សាំងកូវីដ-១៩ ជាកំហិតក្នុងគ្រាដែលមានការពីការឆ្លងយ៉ាងខ្លាំងនៃវីរុសកូវីដ-១៩ បំប្លែងខ្លួនប្រភេទ ដែលតា (Delta)។
យោងតាមទិន្នន័យរបស់ក្រសួងការពារជាតិអាមេរិក កងកម្លាំងយោធាប្រហែល ៦៨% បានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ និង ៧៦% បានចាក់យ៉ាងហោចណាស់មួយដូស។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បុគ្គលិកយោធាអាេរិកមចំនួន ៦នាក់បានស្លាប់ដោយសារវីរុសកូវីដ-១៩ ដែលត្រូវជា ១៧%នៃចំនួនបុគ្គលិកយោធាសរុបចំនួន ៣៥នាក់ដែលបានស្លាប់ដោយសារវីរុសនេះនៅក្នុងក្រសួងការពារជាតិចាប់តាំងពីការឆ្លងរាតត្បាតបានចាប់ផ្តើមមក៕
អត្ថបទ និងរូបភាពដោយ Puthinews