27 C
Phnom Penh
Saturday, July 13, 2024

យន្តហោះដ្រូនរបស់អ៊ុយក្រែន មានសមត្ថភាពអាចវាយប្រហារបានរាប់រយគីឡូម៉ែត្រ ចូលទៅក្នុងទឹកដីរុស្ស៊ី

មូស្គូ៖ មន្ត្រីរដ្ឋាភិបាលរុស្ស៊ី នៅថ្ងៃនេះ បន្តចោទប្រកាន់ថា ភ្នាក់ងារសម្ងាត់របស់អ៊ុយក្រែន បានបើកការវាយប្រហារដោយយន្តហោះដ្រូនជាបន្តបន្ទាប់លើទឹកដីរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ជាពិសេបានព្យាយាមសម្លាប់ប្រធានាធិបតីរុស្ស៊ី ក្នុងវិមានក្រឹមឡាំង កាលពីថ្ងៃអង្គារ។

យោងតាមមន្ត្រីនៅទីក្រុងមូស្គូ បាននិយាយថា ក្នុងពេលវាយប្រហារដោយយន្តហោះដ្រូននេះ លោក វ្ល៉ាឌីមៀ ពូទីន មិននៅទីនោះទេ ហើយយន្តហោះដ្រូនពីរគ្រឿងផ្សេងទៀត ត្រូវបានទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសរុស្ស៊ី។

ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ មានការវាយប្រហារដោយយន្តហោះដ្រូនជាច្រើន ដែលគេសង្ស័យថា បានកើតឡើងនៅក្នុងទឹកដីប្រទេសរុស្ស៊ី និងលើទឹកដីរុស្ស៊ី ទើបដណ្តើមបានពីអ៊ុយក្រែ ហើយមិនទាន់មានការអះអាងទទួលខុសត្រូវជាផ្លូវការពីអ៊ុយក្រែនឡើយ។

ទីភ្នាក់ងារព័ត៌មានរុស្ស៊ី បានរាយការណ៍ថា កាលពីថ្ងៃទី០៤ ខែឧសភា យន្តហោះដ្រូនយ៉ាងហោចណាស់ចំនួនបួនគ្រឿង ត្រូវគេប្រើប្រាស់ក្នុងការវាយប្រហារលើរោងចក្រចម្រាញ់ប្រេង របស់ប្រទេសរុស្ស៊ី ដែលមានចម្ងាយប្រហែល២០០គីឡូម៉ែត្រពីព្រំដែន។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី បាននិយាយថា កាលពីខែមុន យន្តហោះដ្រូនមួយគ្រឿង បានធ្លាក់នៅក្នុងទឹកដីរបស់ខ្លួន ក្នុងចម្ងាយប្រហែល៤០០គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន ដោយបានធ្វើឲ្យមនុស្សយ៉ាងហោចណាស់បីនាក់រងរបួស។

កាលពីខែកុម្ភៈ ឆ្នាំ២០២៣ដដែលនេះ យន្តហោះដ្រូនបានធ្លាក់នៅក្នុងភូមិមួយ ស្ថិតក្នុងចម្ងាយប្រហែល១០០គីឡូម៉ែត្រពីទីក្រុងមូស្គូ ហើយអភិបាលក្នុងតំបន់នេះ បាននិយាយចោតប្រកាន់ថា ជាការវាយប្រហារលើគោលហេដ្ឋារចនាសម្ព័ន្ធរបស់ជនស៊ីវិល។

រូបភាព​នៃ​បំណែក​យន្តហោះទាំងនោះ គឺដូច​គ្នា​នឹង​យន្តហោះ​ដ្រូន​ផលិត​ដោយ​អ៊ុយក្រែន ដែលមានសមត្ថភាពហោះរហូតដល់ចម្ងាយ៨០០គីឡូម៉ែត្រ។

ចាប់តាំងពីដើមឆ្នាំ២០២៣មក តាមរយៈការវិភាគនៅក្នុងសេចក្តីរបាយការណ៍លើប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានតាមដានការវាយប្រហារដោយយន្តហោះដ្រូនចំនួន២០លើក បានកើតឡើងនៅក្នុងប្រទេសរុស្ស៊ី និងនៅលើទឹកដីរុស្ស៊ីទើបដណ្តើមបានពីអ៊ុយក្រែន។

ការវាយប្រហារមួយចំនួន ត្រូវគេមើលឃើញនៅក្នុងឧបទ្វីបគ្រីមៀ និងនៅក្នុងប្រទេសរុស្ស៊ី ជាពិសេសស្ថិតនៅតាមតំបន់ភាគខាងជើងឆៀងខាងកើតនៃព្រំដែនអ៊ុយក្រែន ក៏ដូចជានៅឧបទ្វីបគ្រីមៀផងដែរ ហើយទីតាំងឃ្លាំងស្តុកប្រេង អាកាសយានដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធថាមពល សុទ្ធតែជាគោលដៅ ក្នុងនោះមាន​​ឃ្លាំង​ប្រេង​ចំនួន​បួន ​កន្លែងបាន​រង​ការ​វាយប្រហារ​ដោយ​យន្តហោះ​ដ្រូន​។

តាមរយៈការប្រៀបធៀបដោយប្រើរូបភាពពីផ្កាយរណបចំពោះកន្លែងស្តុកប្រេងរបស់រុស្ស៊ីនៅគ្រីមៀ ដែលបានរងការវាយប្រហារ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ដែលគេសង្ស័តថា ជាស្នាដៃយន្តហោះដ្រូនរបស់អ៊ុយក្រែន។ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ធុងស្តុកប្រេងយ៉ាងហោចណាស់ចំនួនប្រាំពីរទីតាំង ត្រូវបានបំផ្លាញ ឬខូចខាតយ៉ាងធ្ងន់ធ្ងរ។

ទោះបីជាអ៊ុយក្រែនមិនបាននិយាយថា ខ្លួនបានវាយប្រហារណាមួយក៏ដោយ ប៉ុន្តែមន្ត្រីយោធារបស់រដ្ឋាភិបាលទីក្រុងគៀវ បាននិយាយថា បានធ្វើខូចដល់ផ្នែកដឹកជញ្ជូនរបស់រុស្ស៊ី។

ភាគីរុស្ស៊ី និងអ៊ុយក្រែន បានដាក់ពង្រាយយន្តហោះដ្រូន នៅក្នុងតំបន់មានជម្លោះ ដោយប្រទេសរុស្ស៊ីបានប្រើប្រាស់យន្តហោះដ្រូនផលិតដោយប្រទេសអ៊ីរ៉ង់ ដើម្បីវាយប្រហារលើគោលដៅនានាក្នុងប្រទេសអ៊ុយក្រែន។

បើគិតរយៈចម្ងាយវិញ អ្នកជំនាញនិយាយថា យន្តហោះដ្រូនបាញ់ចេញពីអ៊ុយក្រែន អាចហោះចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី ហើយអាចចូលរហូតដល់ទីក្រុងមូស្គូ ដែលមានចម្ងាយប្រហែល៤៥០គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន។

អ្នកជំនាញផ្នែកអាកាសចរណ៍ បានវិភាគ​ថា​ ទោះបីជា​អ៊ុយក្រែន​មិន​បាន​បញ្ជាក់​ថា ​កងកម្លាំង​ប្រដាប់អាវុធ​របស់​ខ្លួន​បាន​ធ្វើ​ការ​វាយប្រហារ​ក៏ដោយ ការ​វាយឆ្មក់​​កាលពី​ឆ្នាំ​មុន​បង្ហាញ​ថា ​អ៊ុយក្រែន​មាន​សមត្ថភាព​ក្នុង​ការ​វាយប្រហារពីរយៈ​ចម្ងាយ​ឆ្ងាយ​ពី​ក្នុង​ទឹកដី​អ៊ុយក្រែន។

កាលពីម្សិលមិញ មន្ត្រីរដ្ឋាភិបាលរុស្ស៊ី បានចោទ្រប្រកាន់អ៊ុយក្រែនថា ប៉ុនប៉ងសម្លាប់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ពេញមួយយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ តាមរយៈការប្រហារដោយយន្តហោះដ្រូន លើវិមានក្រឹមឡាំង ប៉ុន្តែមិនមានការខូចខាតសម្ភារៈរបស់វិមានក្រឹមឡាំងឡើយ ហើយមន្ត្រីរុស្ស៊ីបាននិយាយព្រមានថា ខ្លួនមានសិទ្ធិក្នុងការសងសឹកចំពោះទង្វើរបស់អ៊ុយក្រែន។

សារព័ត៌មានផ្លូវការរបស់រុស្ស៊ី បានធ្វើសេចក្តីរាយការណ៍ថា វិមានក្រឹមឡាំងបានវាយតម្លៃសកម្មភាពទាំងនេះថា ជាសកម្មភាពភេរវកម្មគ្រោងទុក និងជាការប៉ុនប៉ងធ្វើឃាតប្រធានាធិបតី នៅមុនថ្ងៃដង្ហែក្បួនអបអរសាទរទិវាជ័យជំនះ ថ្ងៃទី០៩ ខែឧសភា ហើយលោក វ៉្លាឌីមៀ ពូទីន មិនបានផ្លាស់ប្តូរកាលវិភាគរបស់លោកទេ និងកំពុងធ្វើការនៅឯលំនៅដ្ឋានរបស់លោក ស្ថិតនឲនៅខាងក្រៅទីក្រុងម៉ូស្គូ។

ទីក្រុងមូស្គូបានប្តេជ្ញាថា ក្បួនដង្ហែនឹងដំណើរការទៅជាធម្មតាដូចការគ្រោងទុក ទោះបីជាមានការអំពាវនាវឲ្យចាត់វិធានការប្រតិកម្មដ៏ខ្លាំងប្រឆាំងនឹងអ៊ុយក្រែនក៏ដោយ។

អតីតប្រធានាធិបតីរុស្ស៊ី និងជាអនុប្រធានឧត្តមក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោក ឌីមីទ្រី ម៉េដវេដេវ (Dmitry Medvedev) បានអំពាវនាវឲ្យចាត់វិធានការកម្ទេចចោល ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី (Volodymyr Zelensky) ។

ចំណែកប្រធានសភាឌូម៉ារបស់រុស្ស៊ី លោក វីយ៉ាឆេស្លាវ វ៉ូឡូឌីន (Vyacheslav Volodin) បាននិយាយថា «យើងនឹងទាមទារឲ្យមានការប្រើប្រាស់អាវុធធុនខ្លាំងបំផុត ដើម្បីបញ្ឈប់ និងកម្ទេចចោលរបបភេរវករទីក្រុងគៀវ»។

គណៈកម្មាធិការស៊ើបអង្កេតរបស់ប្រទេសរុស្ស៊ី ដែលតែងតែស៊ើបអង្កេតបទឧក្រិដ្ឋកម្មធំៗ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានបើកការស៊ើបអង្កេតសំណុំរឿងព្រហ្មទណ្ឌនេះ ស្តីពីអំពើភេរវកម្ម។

មន្ត្រីរដ្ឋាភិបាលអ៊ុយក្រែន និងប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានធ្វើរបាយការណ៍ថា ប្រព័ន្ធការការពារដែនអាកាសអ៊ុយក្រែនសម្រាប់ប្រឆាំងយន្តហោះចម្បាំងរុស្ស៊ី ចាប់ផ្តើមដំណើរការ ហើយសំឡេងស៊ីរ៉ែនព្រមានពីការវាយប្រហារតាមផ្លូវអាកាសបានបន្លឺសំឡេងរោរ៍ នៅទៅទាំងប្រទេសអ៊ុយក្រែន នាវេលាព្រឹកព្រលឹម ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣នេះ។

លោក ប៉ាវែល ហ្វែលជែនហាវអើ (Pavel Felgenhauer) អ្នកវិភាគផ្នែកវិស័យការពារជាតិរុស្ស៊ី ដែលបម្រើការជាមន្ត្រីស្រាវជ្រាវជាន់ខ្ពស់នៅបណ្ឌិត្យសភាវិទ្យាសាស្ត្រសូវៀត បាននិយាយថា ប្រសិនបើការចោទប្រកាន់របស់វិមានក្រឹមឡាំង គឺជាការពិត វានឹងពិបាកទាយទុកមុនថា តើយន្តហោះដ្រូនប្រភេទណា ដែលគេប្រើក្នុងពេលវាយប្រហារនោះ។

លោកបានលើកឡើងដូច្នេះថា «នៅពេលយប់នោះ លោក ពូទីន ហាក់ដូចជាមិននៅក្នុងវិមានក្រឹមឡាំងទេ។ លោក​ទៅ​ទីនោះ​តែក្នុង​ម៉ោង​ធ្វើ​ការ ហើយ​ស្នាក់​​នៅ​ទី​នោះ​ដែរ»។

លោកបាននិយាយថា នៅក្នុងការសងសឹកវិញ រុស្ស៊ីអាចធ្វើបាន ដោយគ្រាន់តែបញ្ជាកងកម្លាំងរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ឲ្យវាយប្រហារការិយាល័យប្រធានាធិបតីអ៊ុយក្រែន នៅកណ្តាលទីក្រុងគៀវ។

ប្រធានសភាឌូម៉ារបស់រុស្ស៊ី លោក វីយ៉ាឆេស្លាវ វ៉ូឡូឌីន បានអំពាវនាវថា «កម្ទេចចោលរបបទីក្រុងគៀវទៅ ដោយគ្មានការចរចាណាមួយជាមួយរបបលោក ហ្សឺឡឹនស្គី ឡើយ»៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img