ក្រុមមន្ត្រីអ៊ុយក្រែន នៅព្រឹកថ្ងៃពុធនេះបាននិយាយថាយន្ដហោះដ្រូនរបស់រុស្ស៉ី ច្រើនជាង១០គ្រឿង ត្រូវបានបាញ់ទម្លាក់ អំឡុងការវាយប្រហារ កាលពីយប់ថ្ងៃអង្គារ លើទីក្រុងកៀវ។
លោក Sergiy Popko ប្រធានរដ្ឋបាលយោធាទីក្រុងកៀវ បានគូសបញ្ជាក់ដូច្នេះថា «យន្ដហោះដ្រូនមួយក្រុម បានហោះចូលទីក្រុងកៀវព្រមៗគ្នា ចេញពីទិសដៅជាច្រើន។ ក៏ប៉ុន្តែ គោលដៅទាំងអស់នៅលើអាកាស ពោលគឺយន្ដហោះដ្រូនច្រើនជាង ១០គ្រឿង ត្រូវបានចាប់សញ្ញា និងបាញ់កម្ទេចក្នុងពេល នោះ ដោយកងកម្លាំង និងប្រព័ន្ធការពារដែនអាកាស»។ លោក Popko បន្ថែមថារុស្ស៉ីបានប្រើប្រាស់យន្ដហោះដ្រូនឈ្មោះ Shahed ផលិតដោយអ៉ីរ៉ង់ នៅក្នុងការវាយប្រហារនេះ។

ការវាយប្រហារដោយយន្ដហោះដ្រូនលើទីក្រុងកៀវ កើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរុស្ស៉ីបានអះអាងថាខ្លួនបានបាញ់ទម្លាក់យន្ដហោះដ្រូន ជាបន្តបន្ទាប់របស់អ៊ុយក្រែន ដែលបានបើកការវាយប្រហារលើទីក្រុងមូស្គូ តំបន់គ្រីមៀ និងនាវារុស្ស៉ីក្នុងតំបន់សមុទ្រខ្មៅ៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News