26 C
Phnom Penh
Saturday, July 27, 2024

ម្ដាយ ពេជ្រ សូលីកា ត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ១២ឆ្នាំ ករណីសម្លាប់មនុស្ស

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ សំណុំរឿងឃាតកម្មលើស្ត្រីវ័យ៥០ឆ្នាំម្នាក់ ដែលឃាតករគឺជាម្ដាយបង្កើតរបស់តារាចម្រៀង កញ្ញា ពេជ្រ សូលិកា ឈ្មោះ ស៊ិន ស្រីនាង ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់១២ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ ឃាតកម្មតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។ នេះបើយោងតាមសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយលោកស្រីចៅក្រម យិច ឈាណាវី កាលពីល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។

ក្នុងសាលក្រមបានបញ្ជាក់ថា ជនត្រូវចោទឈ្មោះ ស៊ិន ស្រីនាង ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ គ្មានមុខបរពិតប្រាកដ។ មុនពេលចាប់ខ្លួន ស្នាក់នៅផ្ទះលេខ L42A ផ្លូវលេខV16A (បុរីវីឡាថោន) ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលជាម្តាយរបស់តារាចម្រៀង ពេជ្រ សូលីកា។ ចំណែកជនរងគ្រោះដែលបានស្លាប់មានឈ្មោះ ងិន សុខលី ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ រស់នៅផ្ទះលេខ៥៩ ផ្លូវលេខ១៣៤ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ អ្នកលក់កាហ្វេ នៅក្នុងផ្សារដេប៉ូ បានដេកស្លាប់នៅផ្ទះលេខ L42A ផ្លូវលេខV16A(បុរីវីឡាថោន) ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងករណីនេះ ជនរងគ្រោះស្លាប់ដោយមានស្នាមចងដៃទាំងសងខាង បណ្តាលឱ្យដាច់រលាត់ស្បែក និងមានស្នាមដាច់រលាត់ស្បែកក្រោមភ្នែកទាំងសងខាងផងដែរ។ 

សូមបញ្ជក់ថា ក្នុងសវនាការកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ជនសង្ស័យបានសារភាពថា ខ្លួនបានយកខ្នើយ ខ្ទប់មុខជនរងគ្រោះ នៅពេលជនរងគ្រោះមកដល់ផ្ទះក្នុងស្ថានភាពស្រវឹង ហើយទន់ដៃទន់ជើង។ បន្ទាប់ពីសម្លាប់ជនរងគ្រោះ ខ្លួនបានដោះយកគ្រឿងអលង្ការមួយចំនួនពីជនរងគ្រោះ ដោយអះអាងថា ជាការប្រច័ន្ទ និងមានទំនាស់ពាក្យសំដីរឿងទារលុយចងការប្រាក់ចំនួន១៥ ០០០ដុល្លារ មកវិញ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img