27 C
Phnom Penh
Monday, July 15, 2024

មេដឹកនាំសាសនានៅប្រទេសកេនយ៉ា រងការចោទប្រកាន់ពីបទសម្លាប់រង្គាល តាមរយៈនាំគ្នាអត់បរិភោគអាហារ

ណាយរ៉ូប៊ី៖ មេដឹកនាំ​សាសនា​ នៅក្នុងប្រទេសកេនយ៉ា កំពុងប្រឈមមុខនឹងការចោទ​ប្រកាន់តាមផ្លូវច្បាប់ ​ពី​បទ​សម្លាប់​រង្គាល តាមរយៈការបញ្ចុះបញ្ចូល​អ្នកជឿស៊ប់ក្នុងគ្រិសសាសនា ឲ្យនាំគ្នាអត់បរិភោគចំណី​អាហាររហូតដាច់ខ្យល់ស្លាប់អស់មនុស្សជិត១០០នាក់ នាពេលថ្មីៗកន្លងមកនេះ។

នាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់ប្រទេសកេនយ៉ា កាលពី​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ អាជ្ញាធរ​កេនយ៉ា​ បានបើការស៊ើបអង្កេតលើ​រណ្តៅសពរួម​ជាច្រើនកន្លែង ​ដែលត្រូវ​បានគេ​រក​ឃើញ​នៅ​លើ​ទីស្មសានកប់ខ្មោច​នៃ​និកាយ​សាសនា​តូច​មួយ ​នៅ​ជិត​ទីក្រុងម៉ាលីនឌី (Malindi) ប្រទេស​កេនយ៉ា។

សាកសពរាប់សិបត្រូវបានគេរកឃើញនៅលើដីជាកម្មសិទ្ធិរបស់ក្រុមសាសនាកេនយ៉ា ដែលអាជ្ញាធរបានដាក់ស្លាកថា ទីសក្ការៈបូជារបស់មេ​ក្រុម​តូចមួយ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោមការ​ចោទ​ប្រកាន់​ពី​បទ​លើក​ទឹក​ចិត្តឲ្យ​អ្នក​ជឿ​តាមទ្រឹស្តីរបស់ខ្លួន​ឲ្យ​បង្អត់​អាហាររហូត​ដល់​ស្លាប់ ​ដើម្បី​បានទៅជួប​ព្រះ​យេស៊ូ។

គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ចំនួនអ្នកស្លាប់បានកើនឡើងដល់៧៣នាក់ បន្ទាប់ពីសាកសពចំនួន២៦កន្លែងទៀត ត្រូវបានគេរកឃើញ ខណៈប៉ូលីសនៅតែបន្តស្វែងរកក្នុងដីរបស់ព្រះវិហារគ្រិសសាសនា មានឈ្មោះថា ដំណឹងល្អនៃព្រះវិហារអន្តរជាតិ ដែលជានិកាយតូចមួយមានទីតាំងស្ថិតនៅលើដីដាច់ស្រយាលមួយកន្លែង ក្បែរទីក្រុង ម៉ាលីនដា ប្រទេសកេនយ៉ា។

ក្រុមមន្ត្រីកេនយ៉ា បាននិយាយថា សាកសពត្រូវបានរកឃើញជាបន្តបន្ទាប់នៅក្នុងផ្នូររួមធំ កប់នៅរាក់ៗ រាយប៉ាយ ពាសពេញតំបន់ព្រៃឈើ ដែលគ្របដណ្តប់លើផ្ទៃដីទំហំ៨០០ហិកតា។

យោងតាម​របាយការណ៍​របស់​ប៉ូលិស កេនយ៉ា និកាយគ្រិសសាសនាមួយនេះ ត្រូវបានគេពិពណ៌នាថា ជានិកាយសាសនាគួរឲ្យសង្ស័យបំផុត បន្ទាប់គ្រូគង្វាលរបស់ព្រះវិហារ ត្រូវបានគេចោទប្រកាន់ថា បានផ្សព្វផ្សាយជំនឿ និងការអនុវត្តដ៏ចម្លែក រួមទាំងការណែនាំឲ្យជឿស៊ប់បង្អត់អាហារខ្លួនឯង ដើម្បីកុំខូចកេរ្តិ៍ឈ្មោះ និងបានទៅជួបព្រះយេស៊ូ។

នាយកផ្នែកស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់ប្រទេសកេនយ៉ា បាននិយាយថា គ្រូគង្វាលម្នាក់នេះធ្លាប់ប្រឈមមុខបញ្ហាផ្លូវច្បាប់ជាច្រើនករណីចាប់តាំងពីឆ្នាំ២០១៧ ហើយត្រូវបានចាប់ខ្លួននៅក្នុងខែមីនា ឆ្នាំ២០២៣នេះ ក្រោមការចោទប្រកាន់ថា បានសម្លាប់កុមារពីរនាក់ តាមរយៈការអង្អត់ចំណីអាហាររហូតដល់ស្លាប់។ ទោះបីជាក្រោយមកគ្រូគង្វាលម្នាក់នេះ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំម្តងហើយ ក៏ត្រូវចាប់បានម្តងទៀត នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីមនុស្ស១៥នាក់ ត្រូវបានជួយសង្គ្រោះនៅលើដីជាកម្មសិទ្ធីរបស់គ្រូគង្វាល ដែលមានបួននាក់ត្រូវបានគេរាយការណ៍ថា មានអាការៈស្លេកស្លាំង និងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានធ្វើសេចក្តីរាយការណ៍ថា ពួកគេបានស្លាប់មុនពេលទៅដល់មន្ទីរពេទ្យ ខណៈមនុស្ស ១១នាក់ផ្សេងទៀត រួមទាំងអនីតិជនពីរនាក់ ត្រូវបានជួយសង្គ្រោះទាន់ពេលវេលានៅឯមន្ទីរពេទ្យ។ គ្រូគង្វាលរបស់ព្រះវិហារគ្រិសសាសនារូបនេះ កំពុងតែស្ថិតក្នុងមន្ទីរឃុំឃាំង ហើយទំនងជាប្រឈមមុខនឹងការចោទប្រកាន់បន្ថែម ទៀតពីបទសម្លាប់រង្គាលដោយប្រើទ្រឹស្តីសាសនា។

នាយកផ្នែកស៊ើបអង្កេតឧក្រិដ្ឋកម្ម បានបន្ថែមថា ការស្វែងរកនៅលើដីជាកម្មសិទ្ធិរបស់ព្រះវិហារ បានចាប់ផ្តើមកាលពីសប្តាហ៍មុន បន្ទាប់ពីការផ្តល់ព័ត៌មានជាសាធារណៈ ដោយកត់សម្គាល់ផ្នូរជាច្រើន ត្រូវបានរកឃើញនៅលើទីតាំងជាច្រើន។

ចំណែកលោកប្រធានផ្នែកស៊ើបអង្កេតអំពើឃាតកម្មរបស់ប្រទេសកេនយ៉ា បាននិយាយថា តំបន់ទាំងមូលត្រូវបានហ៊ុមព័ទ្ធជាកន្លែងឧក្រិដ្ឋកម្ម ដោយសារប៉ូលិសបានកំណត់ទីតាំងផ្សេងទៀត ដែលជាកន្លែងមានកប់សពជាច្រើនទៀត។

នៅក្នុងសុន្ទរកថា តាមទូរទស្សន៍ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ប្រធានាធិបតីកេនយ៉ា លោក វីល្លៀម រ៉ូតូ (William Ruto) បាននិយាយថា អំពើរបស់គ្រូគង្វាលប្រចាំព្រះវិហារ គឺស្រដៀងទៅនឹងអំពើភេរវកម្ម ដោយប្រើសាសនា ដើម្បីជំរុញសកម្មភាពដ៏អាក្រក់របស់ពួកគេ។

ចំណែករដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ប្រទេសកេនយ៉ាវញ ​បាន​ពណ៌នា​ការ​ស្លាប់​នេះ​ថា ​ជាការ​សម្លាប់​រង្គាល។

អាជ្ញាធរកេនយ៉ា បាននិយាយថា មនុស្ស៣៣នាក់ជាអ្នកជឿស៊ប់ចំពោះនិកាយសាសនានេះ ត្រូវបានជួយសង្គ្រោះ ចាប់តាំងពីប្រតិបត្តិការស្វែងរកបានចាប់ផ្តើមកាលពីសប្តាហ៍មុន ហើយស្ថានភាពសុខភាពរបស់ពួកគេមិនល្អឡើយ ដោយសារអ្នកខ្លះ នៅតែប្រកែកមិនព្រមទទួលទាន។

រីឯសាខាកាកបាទក្រហមរបស់ប្រទេសកេនយ៉ា បាននិយាយថា យ៉ាងហោចណាស់សមាជិកព្រះវិហារ១៧៨នាក់ត្រូវបានរាយការណ៍ថា បានបាត់ខ្លួន ហើយសាខាកាកបទក្រហមបានបង្កើតក្រុមការងារ ដើម្បីជួយស្វែងអ្នកទាំងនោះឲ្យដឹងច្បាស់ថា នៅរស់ ឬស្លាប់៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img