30 C
Phnom Penh
Saturday, July 27, 2024

មន្រ្តីបរិស្ថាន និងសមត្ថកិច្ចជំនាញចុះរុះរើខ្ទម ដែលសង់លើដីព្រៃឧទ្យានជាតិបូទុមសាគរ

កោះកុង៖ ការសាងសង់ខ្ទម និងបោះបង្គោលព័ទ្ធរបងក្នុងដីព្រៃឈើឧទ្យានជាតិបូទុមសាគរ យ៉ាងអនាធិបតេយ្យរបស់ពលរដ្ឋមួយចំនួន ត្រូវបានមន្រ្តីបរិស្ថាន និងសមត្ថកិច្ចជំនាញចុះរុះរើចេញតាម សាលដីការរបស់តុលាការអមសាលាដំបូងខេត្តកោះកុង។

ប្រតិបត្តិការអនុវត្តច្បាប់មួយថ្ងៃពេញនេះ ដឹកនាំដោយលោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថាន ខេត្តកោះកុង ដោយសហការជាមួយកងកម្លាំងអាវុធហត្ថ គណៈបញ្ជាការឯកភាពស្រុកបូទុមសាគរ ដឹកនាំដោយលោក ក្រូច បុរីសីហា អភិបាលរងស្រុកបូទុមសាគរ និងជាអនុប្រធានគណៈបញ្ជាការឯកភាពស្រុក បូទុមសាគរ ដោយមានការចូលរួមសម្របសម្រួលការងារច្បាប់ ដោយលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារង នៃអយ្យាកាអមសាលាដំបូងខេត្តកោះកុង កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១។

បើតាមលោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានឱ្យដឹងថា ខ្ទមចំនួន ២៧ ដំណាំចម្ការ និងបង្គោលរបងឈើជាង២ ០០០ដើម ស្ថិតនៅចំណុចអូរយ៉ូយ៉ា ភូមិថ្មស ឃុំថ្មស ដែលបានពលរដ្ឋខិលខូចមួយចំនួនតូច បន្តលួចសាងសង់គ្មានច្បាប់នោះទេ រីឯអាជ្ញាធរមូលដ្ឋានក៏មិនទទួលស្គាល់តាមលិខិតលក់ ទិញផ្លូវការដែរ។

អនុប្រធានមន្ទីរបរិស្ថាន អះអាងទៀតថា មុននឹងឈានដល់មានចំណាត់ការច្បាប់នៅពេលនេះ មន្រ្តីអាជ្ញាធរពាក់ព័ន្ធធ្លាប់បានចុះអប់រំណែនាំជាច្រើនលើកច្រើនសារមកហើយដែរ តែពលរដ្ឋទាំងនោះហាក់មិនចូលរួមទាល់តែសោះដោយជឿតាមការញុះញង់ពីមេខ្លោងនៅក្រោយខ្នងឱ្យបន្តទន្រ្ទាន។ 

ក្រុមពលរដ្ឋដែលហ៊ានរំលោភបំពានដីក្នុងតំបន់ឧទ្យានជាតិបូទុមសាគរ គឺពួកគាត់មានផ្ទះសម្បែង ដីស្រែចម្ការត្រឹមត្រូវ ខណៈកន្លងទៅ មានការដោះស្រាយជាសំណងទូទាត់ច្បាស់លាស់ផងដែរពីក្រុមហ៊ុនមួយ ហើយក៏មករំលោភបំពានដីក្នុងតំបន់ឧទ្យានជាតិបូទុមសាគរ បន្តមកទៀត។

លោក វ៉េត សុនីម ថ្លែងបញ្ជាក់ពីផែនការក្រោយរុះរើខ្ទមអនាធិបតេយ្យថា លោកនឹងសុំគោលការណ៍ពីក្រសួងបរិស្ថាន អយ្យការសាលាដំបូងខេត្ត លោកស្រី មិថុនា ភូថង អភិបាលខេត្ត និងអាជ្ញាធរស្រុក ធ្វើជាទីស្នាក់ការចំនួន២ នៅមាត់ច្រកចេញនៃតំបន់រងផលប៉ះពាល់ ដើម្បីធានាបានប្រសិទ្ធភាពទប់ស្កាត់បង្រ្កាប រក្សាដីព្រៃការពារឱ្យនៅគង់វង្ស។ ត្បិតដីធ្លីដែលពលរដ្ឋទន្រ្ទាននេះ គឺតុលាការធ្លាប់ចេញលិខិតដកហូតមកជាសម្បត្តិរួចមកហើយ។

ការលួចទន្រ្ទានដីព្រៃឈើចំណុចអូរយ៉ូយ៉ា ឬដីគ្រួសក្រហម បានកើតឡើងតាំងពីឆ្នាំ ២០១៨មកម្ល៉េះ ដោយមន្រ្តីជំនាញចុះបង្រ្កាបចំនួន២លើក មកហើយ តែពលរដ្ឋនៅតែបន្តល្មើសថែមទៀត គ្រាមានភាពឆក់ល្វែងរបស់អាជ្ញាធរងាកទៅទប់ស្កាត់កូវីដ-១៩ជាមួយក្នុងមូលដ្ឋាននានា។ 

តាមព័ត៌មានដីព្រៃដែលពលរដ្ឋទន្រ្ទាន គឺពួកគាត់បានលក់ទៅឈ្នួញអស់ហើយ ដោយពួកគាត់ធ្វើជារូបភាពមកធ្វើជាខ្វះខាតដីធ្វើស្រែចម្ការ តាមពិតពួកគាត់ចាំដីឱ្យគេជាថ្នូរនឹងយកថវិកា១លានរៀល និងអង្ករមួយបាវប្រចាំខែពីឈ្នួញដែលទិញដីនោះ។ ទោះយ៉ាងនេះក្តី ក៏អយ្យការអមសាលាដំបូងខេត្ត និងមន្រ្តីសមត្ថកិច្ចជំនាញ កំពុងពិនិត្យស្រាវជ្រាវទីតាំងផ្សេងទៀតដែលមានករណីដូចគ្នាខាងលើនេះបន្ត។

សូមជម្រាបថា ក្រុមពលរដ្ឋ ឈ្នួញដែលមកសង់ខ្ទមចាំដីនោះ ពួកគាត់ក៏ទទួលស្គាល់ពីកំហុស និងយល់ព្រមជាមួយមន្រ្តីបរិស្ថាន និងសមត្ថកិច្ចជំនាញចុះរុះរើចេញតាម សាលដីការរបស់តុលាការអមសាលាដំបូងខេត្តកោះកុង ដោយគ្មានការតវ៉ាអ្វីនោះដែរ៕

អត្ថបទនិងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img