បាត់ដំបង៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានសហការជាមួយអាជ្ញាធរក្រុងបាត់ដំបង បានបន្តការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយឥតគិតថ្លៃសម្រាប់កុមារចាប់ពីអាយុ៦ឆ្នាំ ដល់១១ឆ្នាំ ដោយប្រើប្រាស់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ (Sinovac) នៅសាលាបឋមសិក្សា២ធ្នូ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ ។
អភិបាលក្រុងបាត់ដំបង លោក ផេង សិទ្ធី បានឱ្យដឹងថា នៅថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះ គេសង្កេតឃើញអាណាព្យាបាល និងមាតា បិតាសិស្ស បាននាំកូន ចៅ របស់ខ្លួនទៅទទួលការចាក់វ៉ាក់សាំង ប្រកបដោយភាពសប្បាយរីករាយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក៏ដូចជាការបើកសាលារៀនគ្រប់ថ្នាក់ និងបានគ្រប់កម្រិត ជាពិសេសដើម្បីឱ្យអាជីវកម្មទាំងអស់ក្នុងក្រុងបាត់ដំបង ឆាប់បានដំណើរការឡើងវិញផងដែរ ហើយទន្ទឹមនឹងការចាក់វ៉ាក់សាំងនេះទៀតសោត មានគោលបំណងសំខាន់មួយទៀត គឺដើម្បីឈានដល់ការបើកសាលារៀនកម្រិត បឋមសិក្សាឡើងវិញ នាពេលខាងមុខ ខណៈបច្ចុប្បន្នខេត្តបាត់ដំបង បាននឹងកំពុងបើកសាលារៀនកម្រិត អនុវិទ្យាល័យ និងវិទ្យាល័យ ហើយនៅថ្ងៃច័ន្ទទី២០ ខែកញ្ញា នេះ ផងដែរ ។
ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត បានបញ្ជាក់ថា បើទោះបីជាប្រជាពលរដ្ឋ ក៏ដូចជាកូនចៅរបស់ខ្លួន បានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ បានរួចរាល់ក៏ដោយ តែការអនុវត្តនូវវិធានការសុវត្ថិភាព ៣កុំ ៣ការពារ គឺនៅតែបន្តអនុវត្តឱ្យខ្ជាប់ខ្ជួនបន្ថែមទៀត ទើបធានាបានមិនឱ្យមានការឆ្លងជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍ ដែលប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រួមជាមួយសមត្ថកិច្ចពាក់ព័ន្ធនានាទូទាំងប្រទេសកម្ពុជា កំពុងតែមានភាពមមាញឹកយ៉ាងខ្លាំង ក្នុងការប្រយុទ្ធប្រឆាំងនៃជំងឺកូវីដ-១៩ ទាំងក្នុងសហគមន៍ ក៏ដូចជាការនាំចូលពីបរទេស ។
លោកឱសថបណ្ឌិត បានធ្វើការអំពាវនាវដល់អាណាព្យាបាល និងមាតា បិតាសិស្សទាំងអស់សូមនាំកូនចៅរបស់ខ្លួន មកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ឱ្យបានគ្រប់ៗគ្នាខណៈដែលក្រុមការងាររបស់មន្ទីរសុខាភិបាលខេត្តបាត់ដំបង បានរៀបចំចាក់ជូនដោយឥតគិតថ្លៃ ទៅតាមទីតាំងដែលបានគ្រោងទុក ។
នាយិការសាលាបឋមសិក្សា២ធ្នូ លោកស្រី ហួត ហារីន បានសម្តែងនូវការថ្លែងអំណរគុណ ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលសម្តេចតេជោ ហ៊ុន សែន បានខិតខំយកចិត្តទុកដាក់គិតគូរ ពីសុខភាពរបស់ប្រជាជនកម្ពុជា និងកុមារគ្រប់ៗ រូបក្នុងការស្វះស្វែងរកវ៉ាក់សាំងកុវីដ-១៩មកចាក់ជូន ដែលត្រូវបានគេចាត់ទុកថា ជាយុទ្ធនាការប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងកិច្ចការពារអាយុជីវិតប្រជាជន និងកុមារពីជំងឺដ៏កាចសាហាវនេះ៕
អត្ថបទ និងរូបភាពដោយ៖ Puthi News