ស្តាប់អត្ថបទជាសម្លេង
រតនគិរី៖ លោកសាយ សាមាន ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តនៅព្រឹកថ្ងៃទី ៩ខែកញ្ញាឆ្នាំ ២០២១ឲ្យដឹងថាបច្ចុប្បន្នផ្លូវដែលគ្រប់គ្រងដោយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តខាងមន្ទីរបានចាត់ចែងការថែទាំជាប្រចាំដើម្បីបម្រើសេវាសាធារណៈនិងសម្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរឲ្យបានល្អ។
លោកប្រធានមន្ទីរបានបន្តថានៅក្នុងឆ្នាំ ២០២១ នេះមន្ទីរបានថែទាំទៅលើផ្លូវជាតិនិងផ្លូវខេត្តមានចំនួន៥ខ្សែប្រវែង( ២២០គីឡូម៉ែត្រ)ជាប្រចាំ។ហើយផ្លូវល្បាយថ្មភ្នំ៣ខ្សែមានប្រវែង៧២,៦១គីឡូម៉ែត្រ។
លោកលឹម វិចិត្រ អនុប្រធានការិយាល័យសាធារណការនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរីបានឲ្យដឹងនៅការដ្ឋានកំពុងកែសម្រួលមួយខ្សែស្ថិតក្នុងភូមិ ៣ ឃុំត្រពាំងក្រហមស្រុកកូនមុំខេត្តរតនគិរីនៅថ្ងៃទី ៩ខែកញ្ញានេះថាផ្លូវដែលកំពុងកែសម្រួលនេះគឺមានប្រវែង ១៩គីឡូម៉ែត្រហើយជារល្បាយថ្មភ្នំ ដែលជាផ្លូវលេខ ៧៨ ចាស់តភ្ជាប់ពីកែងវិទ្យាល័យហ៊ុនសែនត្រពាំងក្រហមដល់ភូមិក្របីជ្រុំព្រំប្រទល់ខេត្តស្ទឹងត្រែង។
ជាមួយនឹងសកម្មភាពក្រុមការងារថែទាំផ្លូវរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខាងលើនេះផងដែរ បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់បានសម្តែងការត្រេកអរយ៉ាងខ្លាំងនិងថ្លែងអំណរគុណលោកថង សាវុន អភិបាលខេត្តរតនគិរីនិងលោកសាយ សាមាន ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនដែលលោកតែងតែជួយដោះស្រាយបញ្ហាផ្សេងៗពេលដែលពួកគាត់ជួបការលំបាក។
ក្រុមប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវនោះបានលើកឡើងពីសារៈសំខាន់ផ្លូវដែលបានកៀរសម្រួលរួចគឺផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនកសិផល,ការធ្វើដំណើរទៅទីរួមស្រុកកូនមុំ,ទៅសាលារៀន,ធ្វើដំណើរទៅក្រុងបានលុង,ទៅមន្ទីរពេទ្យផងដែរ៕
អត្ថបទ និងរូបភាពដោយះ Puthi News