25 C
Phnom Penh
Thursday, October 24, 2024

មន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃប្រចាំការខេត្តមណ្ឌលគិរីផ្ទុះអាវុធ៣គ្រាប់ ខឹងចចារតម្លៃមិនត្រូវគ្នាជាមួយអ្នកដឹកឈើខុសច្បាប់!

ខេត្តមណ្ឌលគិរី៖ មន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ប្រចាំការនៅខេត្តមណ្ឌលគីរី បានផ្ទុះអាវុធបាញ់បំបែកកង់គោយន្តច្នៃ ដឹកឈើខុសច្បាប់មួយគ្រឿង ដែលការបាញ់នេះ ត្រូវបានប្រភពអះអាងថា ដោយសារមន្ត្រីរូបនោះ ចចារជាឈ្មួញមិនត្រូវថ្លៃ។

ប្រភពព័ត៌មានពីខេត្តមណ្ឌលគិរីបានរាយការណ៍ថា យប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៣នៅវេលាម៉ោងប្រហែល២២និង១០នាទី កម្លាំងជំនាញនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃប្រចាំការខេត្តមណ្ឌលគិរី ឈ្មោះ ទិន វាសនាបានឃាត់គោយន្តកែច្នៃចំនួន១ គ្រឿងដែលកំពុងតែដឹកជញ្ជូនឈើប្រភេទសុក្រំចំនួន០៧ដុំ នៅចំនុចចម្ងាយ២គឺឡូម៉ែត្រពីកន្លែងកិនថ្ម ស្ថិតនៅក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ការចុះទៅចាប់នោះគឺលោកទិន វាសនា ដែលជាមន្ត្រីនគរបាលសេដ្ឋកិច្ចទើបចូលថ្មីធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ។

ប្រភពដែលសុំមិនបញ្ចេញឈ្មោះដដែលបានឲ្យដឹងថា បន្ទាប់ពីស្ទាក់ឃាត់គោយន្តច្នៃខាងលើ លោកទិន វាសនា បានចចារតម្លៃគ្នាជាមួយម្ចាស់គោយន្ត ប៉ុន្តែការទាមទារនោះច្រើនពេក ម្ចាស់គោយន្តគ្មានលទ្ធភាពបង់ ក៏ស្រាប់លោកទិន វាសនា ផ្ទុះកំហឹង ទាញអាវុធអាកា បាញ់បំបែកកង់គោយន្តតែម្តង។ បន្ទាប់ពីឃើញសកម្មភាពលោកទិន វាសនា យ៉ាងដូច្នេះ ម្ចាស់គោយន្តដឹកឈើល្មើសច្បាប់ក៏គេចខ្លួនបាត់ស្រមោល ចោលគោយន្តនៅនឹងកន្លែងតែម្តង។

យោងតាមប្រភពខាងលើ បន្តថា ក្រោយពីឈ្មួញរត់បាត់ស្រមោល ទើបលោក ទិន វាសនា បានទំនាក់ទំនងស្នើសុំកម្លាំងបរិស្ថានប្រចាំ ការនៅស្នាក់ការរងអូររាំងនៃដែនជម្រកសត្វព្រៃកែវសីមាដើម្បីជួយអន្តរាគមន៍។ បន្ទាប់មកកម្លាំងបរិស្ថានបានបន្ត សុំសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសែនមនោរម្យ បានចុះដល់កន្លែងកើតហេតុខាងលើ សង្កេតឃើញគោយន្តកែច្នៃនោះបែកកង់២កន្លែង គឺកង់ខាងមុខ និងកង់ក្រោយផ្នែកខាងស្តាំ និងរួមមានវត្ថុតាង ដែលជាឈើប្រភេទសុក្រំ០៧ដុំ មិនទាន់វាស់វែង ខណៈនោះដែរក្រុម ការងារបានប្រទះឃើញសំបកគ្រាប់កាំភ្លើង AK ចំនួន ០១គ្រាប់ ដែលស្ថិតនៅចម្ងាយប្រហែល៤០ ម៉ែត្រពីគោយន្តកែច្នៃ។

តាមការរៀបរាប់ពីកម្លាំងបរិស្ថានប្រចាំការនៅស្នាក់ការរងអូររាំងបានឲ្យដឹងថា ឈ្មោះ ទិន វាសនា បានបាញ់បំបែកកង់ចំនួន០៣គ្រាប់ បណ្តាលគោយន្តកែច្នៃនោះបែកកង់តែម្តង។ ប្រភពបានបន្ថែមថា ដោយសារតែការចរចាទារលុយពីម្ចាស់គោយន្តមិនត្រូវថ្លៃគ្នា ទើបលោកទិន វាសនា សម្រេចបាញ់បំបែកកង់គោយន្តកែច្នៃនោះ ហើយហៅមន្ត្រីបរិស្ថានឲ្យមកយកគោយន្ត និងឈើស្នាក់ការអូរាំង។ បន្ទាប់ពីការបាញ់រួចហើយ លោក ទិន វាសនាក៏បានត្រឡប់ទៅកន្លែងរបស់ខ្លួនវិញដោយមិនខ្វល់ខ្វាយថា មានរឿងអ្វីកើតឡើងនោះឡើយ។

តាមប្រភពពីកងកម្លាំងមួយចំនួនបានឲ្យដឹងថា កម្លាំងនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃក្រោមអំណាចចាត់ចែងដឹកនាំរបស់លោកយូរ ប៊ុនស៊្រាង ដាក់នៅខេត្តមណ្ឌលគិរីនោះគឺដើរធ្វើសកម្មភាពអុកឡុកគ្រប់ទីកន្លែងទាំងតាមទីផ្សារ និងព្រៃជ្រៅ។

សព្វថ្ងៃនេះ សកម្មភាពពួកគេកាន់តែខ្លាំងឡើង ក្នុងការជម្រិតទារលុយពីគ្រប់សកម្មភាពរបស់ប្រជាពលរដ្ឋ ដែលបង្កការក្តៅក្រហាយយ៉ាងខ្លាំង និងដុតបំផ្លាញសន្លឹកឆ្នោតគណបក្សប្រជាជនដែលកំពុងដឹកនាំរដ្ឋាភិបាលដោយមិនសោកស្ដាយ។

ទាក់ទងហេតុការណ៍នេះ អ្នកសារព័ត៌មាន មិនអាចទាក់ទងសុំការបំភ្លឺពីលោក ទិន វាសនា បាននៅឡើយទេ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img