26 C
Phnom Penh
Saturday, July 27, 2024

មន្ត្រីជំនាញដុតកម្ទេចឱសថបំប៉នសុខភាពដែលគ្មានលេខបញ្ជិកា ជាង១តោននៅខេត្តសៀមរាប

ស្តាប់អត្ថបទជាសម្លេង

ខេត្តសៀមរាប៖ ឱសថបំប៉នសុខភាព ប្រមាណជាង១តោន ដែលមិនមានចុះលេខបញ្ជិកា ត្រូវបានមន្ត្រីជំនាញនៃមន្ទីរសុខាភិបាលធ្វើការដុតកម្ទេចចោល កាលពីព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ នៅទីលានចាក់សំរាមក្នុងភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង។

លោកស្រី លី វណ្ណៈ ប្រធានការិយាល័យនិយ័តកម្មនៃមន្ទីរសុខាភិបាលខេត្តសៀមរាប ឲ្យដឹងថា ឱសថដែលដុតកម្ទេចចោលនេះ បានមកពីការបង្ក្រាបរបស់កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត កាលពីពេលកន្លងមក។ លោកស្រីបន្តថា ឱសថទាំងនេះផលិតនៅសហរដ្ឋអាមេរិក និងដឹកជញ្ជូនតាមជើងយន្តហោះ។ ក្រោយការចាប់បានវត្ថុតាង អង្គភាពប៉ូលិសបានប្រគល់ឲ្យជំនាញសុខាភិបាល ផាកពិន័យអន្តរកាលតាមច្បាប់គ្រប់គ្រងឱសថ និងស្របតាមទម្ងន់សាលក្រមព្រហ្មទណ្ឌរបស់កម្ពុជា។

នៅក្នុងដីកាបញ្ជូនសំណុំរឿងព្រហ្មទណ្ឌលេខ៥៩០ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ របស់សាលាដំបូងខេត្តសៀមរាប ជូនមកប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានវិនិច្ឆ័យសេចក្តីថា គឺត្រូវបានរឹបអូសទំនិញចម្រុះ ( អាហារបំប៉ន ម្សៅក្រែម ស្កគ្រាប់ និងនំ ) មានចំនួន៧០មុខ ស្មើនឹងជាង ១លាន២សែនគ្រាប់ ទម្ងន់ ១តោន ៣០០គីឡូក្រាម ដែលនាំចូលដោយគ្មានការអនុញ្ញាតពីសួងសុខាភិបាលកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ នៅចំណុចភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប។

វត្ថុចាប់យកទាំងនេះ ត្រូវបានរក្សាទុកនៅមន្ទីរសុខាភិបាលខេត្តសៀមរាប ហើយសាលក្រមជំនុំជម្រះនេះ ប្រកាសជាសាធារណៈកំបាំងមុខជនជាប់ចោទ នឹងត្រូវបានទុកសិទ្ធិប្តឹងទាស់ និងប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់។

យ៉ាងណាក៏ដោយ មន្រ្តីជំនាញបានទទួលស្គាល់ដែរថា វាពិតជាមានការយឺតយូរបន្តិច ចំពោះចំណាត់ការដុតកម្ទេចនេះ ក៏ប៉ុន្តែយ៉ាងហោចណាស់ វាបានទប់ស្កាត់ទាន់ពេលវេលា ការធ្វើចរាចរណ៍ឱសថទាំងនេះលើទីផ្សារ ដែលវាមិនប្រាកដថា គុណភាពរបស់វាយ៉ាងដូចម្តេច  ឬក៏ថា វាអាចបង្កគ្រោះថ្នាក់សុខភាពដល់អ្នកប្រើប្រាស់យ៉ាងណានោះទេ បើសិនជាឱសថទាំងនោះ វាបានធ្លាយទៅដល់ដៃអតិថិជនរបស់គេនោះ៕ 

អត្ថបទ និងរូបភាពដោយ Puthinews

អានបន្ត

spot_img