30 C
Phnom Penh
Saturday, July 27, 2024

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល នៅបំណាច់ខែកញ្ញានេះ អាចនឹងរកឃើញអ្នកចាក់វ៉ាក់សាំងកូវីត-១៩ ទី១០លាននាក់

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ លោកស្រីឱ វណ្ណឌីន រដ្ឋលេខាធិការជាអ្នកនាំពាក្យ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវី-១៩ ថ្លែងថា ប្រសិនបើមានការគៀងគរពីអាជ្ញាធរក្នុងមូលដ្ឋានជួយជំរុញ ការចាក់វ៉ាក់សាំងកូវីដ-១៩ នេះបន្ថែមទៀត លោកស្រីរំពឹងថា នៅចុងខែកញ្ញា ឆ្នាំ ២០២១ នេះនឹងអាចរកឃើញអ្នកចាក់វ៉ាក់សាំងកូវី-១៩ ទី១០លាននាក់ ជាក់ជាមិនខាន  ដែលជាបុគ្គលចុងក្រោយ ក្នុងគោលដៅចាក់វ៉ាក់សាំងចំពោះមនុស្សពេញវ័យអាយុ១៨ឆ្នាំឡើងទៅ១០លាននាក់ ។ លោកស្រីថ្លែងថា ចំពោះការចាក់វ៉ាក់សាំងជូនដល់កុមារអាយុ១២ ឆ្នាំដល់ក្រោម១៨ឆ្នាំ គឺបានចំនួនច្រើនហើយដែរគឺជាង៨៦ ភាគរយ ហើយបើសិនជាយើងមើលជារួមសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេសទាំង១៦ លាននាក់ គឺចាក់បានចំនួនជាង៧១ភាគរយដែរ ។

លោកស្រីឱវណ្ណឌីនបានរំឭកថា អ្វីដែលកម្ពុជារបស់យើងអាចសម្រេចបានតាមគោលដៅដូចសព្វថ្ងៃនេះ គឺមិនអាចកាត់ផ្ដាច់ពីគុណូបការៈដ៏ធំធេង របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន  សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទេ ព្រោះសម្ដេចតែងតែបានគិតគូរណែនាំដ៏ខ្ពង់ខ្ពស់ ហើយទំនងនោះ សម្ដេចក៏តែងតែស្វែងរកវ៉ាក់សាំងកូវីដ-១៩ ដើម្បីឱ្យកម្ពុជារបស់យើងមានវ៉ាក់សាំងដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋ។

លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល ឱ វណ្ណឌីន មានប្រសាសន៍បែបនេះនៅក្នុងពិធីបញ្ចប់ការចាក់វ៉ាក់សាំងកូវីត-១៩ ចំពោះមនុស្សដែលមានអាយុ១៨ឆ្នាំ ឡើងទៅនៅខេត្តស្វាយរៀងនាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ ។

ទន្ទឹមនឹងនោះដែរ លោកស្រីថាកម្ពុជារបស់យើងអាចចាក់វ៉ាក់សាំងលឿនជាងការគ្រោងទុក ព្រោះបើតាមអ្វីដែលយើងគ្រោងទុកគឺ  ចាក់បញ្ចប់នៅពាក់កណ្ដាលឆ្នាំ២០២២ ឯណោះ ប៉ុន្តែយើងបានបញ្ចប់មុន៨ ខែតាមផែនការកំណត់។ លោកស្រីរដ្ឋលេខាធិការថា នេះគឺជាការគត់សម្គាល់ធំធេងណាស់មិនមែនតែមតិជាតិទេ សូម្បីតែមតិអន្តរជាតិក៏គេមានការកោតសរសើរដែរ។ ជាពិសេសភាពដឹកនាំដ៏ខ្លាំងក្លារបស់សម្ដេចតេជោហ៊ុនសែន។ លើសពីនេះយើងតែងតែទទួលបានការសាកសួរនានា ដើម្បីឱ្យប្រទេសកម្ពុជា ចែករំលែកនូវបទពិសោធន៍ក៏ដូចជាចំណុចសំខាន់ៗ ដែលធ្វើអោយកម្ពុជា មាន ព្រោះជាប្រទេសតូចតាចមានធនធានតិច អាចធ្វើការរុញច្រានឱ្យការចាក់វ៉ាក់សាំងកូវីដ-១៩  នេះមានល្បឿនលឿន ។ 

ក្នុងនោះដែរទន្ទឹមនឹងការបិទបញ្ចប់ការចាក់វ៉ាក់សាំងកូវីដ-១៩   ការចែកជូននូវអំណោយមនុស្សធម៌ក៏ដូចជាសម្ភារៈបរិក្ខារប្រើប្រាស់របស់សម្ដេចអគ្គមហាសេនាបតីតេជោសែនក៏នឹងបិទបញ្ចប់ទន្ទឹមគ្នាទៅនឹងយុទ្ធនាការចាក់វ៉ាក់សាំងនេះដែរពីព្រោះថានឹងពុំមានលោកតាលោកយាយណានឹងមកចាក់ទៀតនោះទេ តែការប្រកាសបិទនេះគឺធ្វើទៅតាមខេត្តនីមួយៗ។ លោកស្រីបានលើកឡើងថាគណៈកម្មការចំពោះកិច្ចចាក់សាំងគឺបានបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីត១៩ខេត្តនិងក្រុងចំនួន៧ រួចមកហើយគិតមកត្រឹមថ្ងៃទី១៣ ខែកញ្ញានេះ។

សូមបញ្ជាក់ថា បើយោងទៅតាមរបាយការណ៍របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ទូទាំងប្រទេសបានឱ្យដឹងថាចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលមានវ័យ១៨ឆ្នាំ ឡើងទៅបានប្រមាណជាង៩៧ភាគរយ កុមារអាយុចន្លោះ១២ដល់ ក្រោម១៨ឆ្នាំ ជាង៨៦ភាគរយ និងប្រជាពលរដ្ឋទាំងអស់ទាំង១៦លាននាក់ បានប្រមាណជាជាង៧១ភាគរយ៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img