27 C
Phnom Penh
Sunday, October 27, 2024

មនុស្ស ១២នាក់បានពុលមីឆាត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងទាំងយប់

ខេត្តកំពង់ឆ្នាំង មនុស្សក្មេង ចាស់ ប្រុស ស្រីចំនួន១២នាក់ ត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងជាបន្ទាន់ បន្ទាប់ពីមានអាការៈក្អួតចង្អោរ ដោយសារការពុលមីឆា។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧.០០យប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២៣នៅ ភូមិក្រងផ្ទិល ឃុំផ្លូវទូក ស្រុកកំពង់លែង។

លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង ដែលបានអន្តរាគមន៍ ជួយដឹកជញ្ជូនជនរងគ្រោះមកកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ពួកគាត់បានពិសាមីឆា ក្នុងអំឡុងពេលម៉ោងប្រមាណ៥រសៀល លុះម៉ោងប្រមាណ៧យប់ ស្រាប់តែពួកគាត់បានក្អួតចង្អោរ ដែលតាមការសន្និដ្ឋានជាជំហានដំបូង គឺដោយសារពុលមីឆា។ យ៉ាងនេះក្តីក្រោយពីទទួលព័ត៌មានខាងលើ រូបលោក និងក្រុមការងារបានបញ្ជូនកម្លាំងទៅអន្តរាគមន៍ដឹកជញ្ជូនពួកគាត់តាមផ្លូវទឹក យកមកមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ ក្នុងចំណោមទាំង១២នាក់ មាន២នាក់មានអាការៈធ្ងន់ជាងគេ។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាការសន្និដ្ឋានជាជំហានដំបូង គឺបណ្ដាលមកពីការពុលមីឆាដែលពួកគាត់ទៅទិញពិសា របស់អ្នកលក់ក្នុងភូមិ។ នៅក្នុងភូមិមានអ្នកលក់មីឆា និងលតឆា ដែលឆាក្នុងខ្ទះជាមួយគ្នា។ ប៉ុន្តែតាមការអង្កេតអ្នកពិសាលតឆា មិនពុលទេ។ ដូច្នេះការសន្និដ្ឋានគឺពុលមីឆា ព្រោះបើបន្លែ សាច់ ដែលបានឆាជាមួយលតឆា អ្នកពិសាលតឆាមិនពុល។ តែអ្នកពិសាមីឆាដែលមានបន្លែ និងសាច់ដូចគ្នាបែរជាពុលទៅវិញ។ យ៉ាងនេះក្តីអ្នកដែលមានអាការៈធ្ងន់ធ្ងរ២នាក់ ក្រោយពីដាក់សេរ៉ូម និងខ្យល់អុកស៊ីសែ្យន ហើយពួកគាត់មានសភាពធូរស្រាវិញហើយ។ អាចនឹងត្រឡប់ទៅលំនៅឋានវិញនៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img