ស្តាប់អត្ថបទជាសំឡេង
អាជ្ញាធរបាននិយាយនៅថ្ងៃអង្គារនេះថា មនុស្សយ៉ាងហោច៩នាក់បានបាត់បង់ជីវិត និង១១នាក់ផ្សេងទៀតកំពុងបាត់ខ្លួនបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសហ្វីលីពីនបានជន់លិចភូមិជាច្រើននិងបង្កការរអិលបាក់ដី។
ព្យុះត្រូពិកដ៏ខ្លាំងក្លាឈ្មោះថា កុំប៉ាស៊ូ (Kompasu) បាននាំមកនូវភ្លៀងធ្លាក់ខ្លាំងក្នុងផ្នែកជាច្រើននៃកោះ លូហ្សុន (Luzon) របស់ហ្វីលីពីនកាលពីថ្ងៃចន្ទ ខណៈដែលវាបានបោកបក់កាត់ប្រទេសនេះឆ្ពោះទៅសមុទ្រចិនខាងត្បូង។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិបាននិយាយថា មនុស្ស៤នាក់បានបាត់បង់ជីវិតដោយសារការរអិលបាក់ដីនៅក្នុងខេត្ត បេនហ្គេត (Benguet) ដែលជាតំបន់ភ្នំ និងម្នាក់ទៀតបានលង់ទឹកស្លាប់នៅក្នុងខេត្ត ខាហ្គាយ៉ាន (Cagayan) ។
ជាមួយគ្នានោះ មនុស្សចំនួន៧នាក់កំពុងបាត់ខ្លួននៅលើកោះ លូហ្សុន (Luzon)។
មន្ត្រីខេត្តខាហ្គាយ៉ាន (Cagayan) បាននិយាយថា ផ្លូវហាយវេយ៍និងស្ពានជាច្រើនកន្លែងត្រូវបានជន់លិច ប៉ុន្តែទឹកបានស្រកវិញហើយនៅព្រឹកថ្ងៃអង្គារនេះ។
ព្យុះនេះក៏បានបង្កឲ្យមានជំនន់ទឹកភ្លៀងនៅភូមិមួយក្នុងខេត្តប៉ាឡាវ៉ាន់ (Palawan) ផងដែរដោយបណ្តាលឲ្យមនុស្ស៤នាក់បាត់បង់ជីវិត និង៤នាក់ទៀតកំពុងបាត់ខ្លួន។
សូមបញ្ជាក់ថា ប្រទេសហ្វីលីពីនរងការវាយប្រហារដោយព្យុះជាមធ្យម២០ដងក្នុងមួយឆ្នាំដែលបានបំផ្លាញដំណាំ, ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ដែលក្រីក្ររួចទៅហើយនោះ៕
រូបភាពនឹងអត្ថបទដោយ Puthinews