26 C
Phnom Penh
Saturday, July 27, 2024

ភាគីថៃ ប្រគល់អំណោយដល់រដ្ឋបាលខេត្តសៀមរាបសម្រាប់សកម្មភាពប្រយុទ្ធ ប្រឆាំងជំងឺកូវីដ១៩

ស្តាប់អត្ថបទជាសំឡេង

សៀមរាប៖ បណ្តាក្រុមហ៊ុនមកពីប្រទេសថៃប្រមាណជាង៣០ តាមរយៈស្ថានឯកអគ្គរាជទូតថៃ ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ បានប្រគល់អំណោយ ជាគ្រឿងបរិភាគ និងសម្ភារប្រើប្រាស់មួយចំនួនទៀតជូនដល់រដ្ឋបាលខេត្តសៀមរាប សម្រាប់សកម្មភាពប្រយុទ្ធការរីករាលដាលនៃមេរោគកូវីដ១៩។

អភិបាលខេត្តសៀមរាបលោក ទៀ សីហា ថ្លែងថា អំណោយទាំងនេះមិនត្រឹមតែបានបង្ហាញចំណងសាមគ្គីភាព មិត្តភាព កម្ពុជា-ថៃ រឹងមាំប៉ុណ្ណោះទេ តែច្បាស់ណាស់ថា គឺជាសក្ខីកម្ម នៃកិច្ចសហប្រតិបត្តិការ សម្របសម្រួល និងគាំទ្រ ចំពោះការធ្វើមាតុភូមិនិវត្តនៃពលករខ្មែរ ប្រកបដោយសុវត្ថិភាព។

លោកអភិបាលខេត្តសៀមរាប បានឲ្យដឹងដែរថា ចាប់ពីមានការឆ្លងរាលដាលជំងឺកូវីដ-១៩ គិតមកដល់ដើមខែតុលានេះ ប្រជាពលរដ្ឋនៃខេត្តសៀមរាបដែលជាពលករ ត្រូវបានបញ្ជូនមកពីបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ហើយត្រូវបានបញ្ជូនឲ្យសម្រាកធ្វើចត្តាឡីស័កក្នុងខេត្តសៀមរាប មានចំនួនសរុបប្រមាណជាង៦ពាន់នាក់ និងមួយចំនួនផ្សេងទៀតបានទទួលការថែទាំនិងព្យាបាល ក្រោយពេលធ្វើតេស្តលើវត្ថុសំណាក ថាមានវិជ្ជមានកូវីដ-១៩។ ក្នុងនោះរដ្ឋបាលខេត្តបានរៀបចំមណ្ឌលចត្តាឡីស័កនៅទូទាំងខេត្តសរុបមាន៤៧ទីតាំង ដើម្បីទទួលពលរដ្ឋក្នុងខេត្ត និងពលករកម្ពុជាមកពីក្រៅប្រទេស ឱ្យធ្វើចត្តាឡីស័កតាមគោលការណ៍ និងវិធានការសុខាភិបាល ព្រមទាំងបានត្រៀមបម្រុងចំនួន៦០ទីតាំងផ្សេងទៀត ក្នុងករណីមានតម្រូវការចាំបាច់៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img