ស្តាប់អត្ថបទជាសម្លេង
អាជ្ញាធរបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សយ៉ាងហោចម្នាក់បានស្លាប់ និង១៧នាក់ទៀតកំពុងបាត់ខ្លួនបន្ទាប់ពីព្យុះមួយបានវាយប្រហារប្រទេសហ្វីលីពីននិងនាំមកនូវភ្លៀងធ្លាក់ខ្លាំងដោយបង្កជាទឹកជំនន់ ខណៈដែលព្យុះទីហ្វុងដ៏មានឥទ្ធិពលមួយទៀតបានបោកបក់ឆ្ពោះមកប្រទេសនេះ។
យោងតាមក្រុមប្រឹក្សាគ្រប់គ្រងនិងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយធម្មជាតិ, ព្យុះត្រូពិក ខនសុន (Conson) បានវាយប្រហារខេត្ត អេស្ទឺន សាម័រ (Eastern Samar) ស្ថិតនៅភាគកណ្តាលប្រទេសនេះកាលពីថ្ងៃអង្គារដោយបង្ខំឲ្យមនុស្សជិត១ម៉ឺននាក់ភៀសខ្លួនពីផ្ទះរបស់ពួកគេ។
អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយនោះបាននិយាយថា មនុស្សម្នាក់បានលង់ទឹកស្លាប់នៅក្នុងខេត្ត ម៉ារីនឌូកេ (Marinduque) ខណៈដែលមានការរាយការណ៍ថាមនុស្សមនុស្ស២នាក់ទៀតបានបាត់បង់ជីវិតនៅក្នុងខេត្ត ម៉ាសបេត (Masbate) ប៉ុន្តែនៅមិនទាន់ត្រូវបានបញ្ជាក់ដោយអាជ្ញាធរនៅឡើយទេ។
ជាមួយគ្នានោះ មនុស្សយ៉ាងហោច១៧នាក់ដែលភាគច្រើនគឺអ្នកនេសាទត្រូវបានបញ្ជាក់ថាកំពុងបាត់ខ្លួន។
យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ ទឹកជំនន់បានកើតឡើងនៅក្នុងខេត្តជាច្រើនជុំវិញរដ្ឋធានីម៉ានីលរួមទាំងសហគមន៍នៅក្នុងតំបន់ភាគកណ្តាល។
ភ្លៀងធ្លាក់ខ្លាំងនិងគ្រោះទឹកជំនន់នោះបានកើតឡើងក្នុងពេលដែលព្យុះទីហ្វុងដ៏កាចសាហាវឈ្មោះ ឆាន់ធូ (Chanthu) កំពុងគំរាមកំហែងដល់ការជន់លិចនៅតាមខេត្តភាគខាងជើងក្នុងប្រទេសហ្វីលីពីន ខណៈដែលវាកំពុងបង្កើនឥទ្ធិពលនៅសមុទ្រមុនពេលឆ្ពោះទៅកោះតៃវ៉ាន់។
ការិយាល័យអាកាសធាតុហ្វីលីពីនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ព្យុះទីហ្វុងដ៏មានឥទ្ធិពលលើកទី២ក្នុងឆ្នាំនេះនឹងនាំមកនូវខ្យល់និងភ្លៀងខ្លាំងក្នុងតំបន់ភាគខាងជើងទីក្រុងម៉ានីលដោយអាចនឹងបង្កឲ្យមានទឹកជំនន់និងការរអិលបាក់ដី។
ព្យុះទីហ្វុង ឆាន់ធូ (Chanthu) ដែលមានល្បឿនខ្យល់២៥៩គីឡូម៉ែត្រក្នុងមួយម៉ោងនោះនឹងបោកបក់ជិតកោះ លូហ្សុន (Luzon) របស់ហ្វីលីពីនដែលមានពលរដ្ឋរស់នៅប្រហែល៥៣លាននាក់៕
អត្ថបទ នឹងរូបភាព៖ Puthinews