ប្រធានាធិបតី ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ Joko Widodo និយាយ ថា ទាំង ប្រធានាធិបតី អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី និងប្រធានាធិបតី រុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានយល់ព្រមចូលរួមកិច្ចប្រជុំកំពូលនៃក្រុម ប្រទេស G-២០ ដែលនឹង ប្រព្រឹត្តទៅនៅខែវិច្ឆិកា តាមការអញ្ជើញ របស់ឥណ្ឌូនេស៊ីដែលជាម្ចាស់ផ្ទះ។
លោក វីដូដូ និយាយកាលពីថ្ងៃសុក្រតាមកញ្ចក់ទូរទស្សន៍ថាលោកបានសន្ទនាទូរស័ព្ទជាមួយមេដឹកនាំនៃប្រទេសទាំង២ថែមទាំងជំរុញឱ្យអ៊ុយក្រែននិងរុស្ស៊ីឱ្យបញ្ចប់សង្គ្រាមតាមរយៈការចរចា ។
លោក វីដូដូ និយាយថា ៖ “ខ្ញុំបានបញ្ជាក់ម្តងទៀតពីសារៈសំខាន់នៃការបញ្ចប់សង្គ្រាមភ្លាម ៗ។ ខ្ញុំក៏បានសង្កត់ធ្ងន់ថាកិច្ចខិតខំប្រឹងប្រែងដោយសន្តិវិធីគួរតែបន្តហើយឥណ្ឌូនេស៊ីត្រៀមខ្លួនជា ស្រេចដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងដោយសន្តិភាពទាំងនេះ”។
លោក និយាយថាលោកបានអញ្ជើញលោកពូទីននិងលោកហ្សេឡេនស្គីទៅចូលរួមកិច្ចប្រជុំ កំពូល G-២០ខណៈដែលសង្រ្គាមនៅអ៊ុយក្រែនជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភព លោក ។ ប្រធានាធិបតីដដែលបន្តថា ៖ “យើងយល់ថាG-២០ដើរតួជាកាតាលីករ ( អ្នក បង្កើន ល្បឿន ) ក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក” ។
ឥណ្ឌូណេស៊ីដែលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ G-២០នៅឆ្នាំនេះរងសម្ពាធយ៉ាងខ្លាំងពីបស្ចិមលោក ដែលដឹកនាំដោយសហរដ្ឋអាមេរិកដើម្បីផ្ដាច់ទំនាក់ទំនងជាមួយរុស្ស៊ីចេញបន្ទាប់ពីការឈ្លាន ពានអ៊ុយក្រែនប៉ុន្តែរដ្ឋាភិបាលលោកវីដូដូប្រកែកថាខ្លួនត្រូវតែរក្សា “ភាព មិន លម្អៀង” ។
បស្ចិមលោកព្យាយាមដាក់រុស្ស៊ីឱ្យនៅឯកោទាំងផ្នែកការទូតនិងសេដ្ឋកិច្ច។ កិច្ចប្រជុំរបស់រដ្ឋមន្ត្រី ហិរញ្ញវត្ថុG-២០កាលពីខែមេសានាទីក្រុងវ៉ាស៊ីនតោនបានបង្ហាញពីការបែកបាក់យ៉ាងស៊ីជម្រៅ នៅក្នុងក្រុមនៃបណ្តាប្រទេសសេដ្ឋកិច្ចធំៗរបស់ពិភពលោកដោយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត មួយចំនួនធ្វើពហិការកិច្ចពិភាក្សានានាដើម្បីប្រឆាំងនឹងការចូលរួមរបស់រុស្ស៊ី ។
ប៉ុន្តែឥណ្ឌូណេស៊ីដូចជាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនធំៗភាគច្រើនផ្សេងទៀតដែរ បានព្យាយាមរក្សាជំហរអព្យាក្រឹតរបស់ខ្លួន។ លោកប្រធានាធិបតីវីដូដូនិយាយកាលពីថ្ងៃសុក្រ ថាឥណ្ឌូនេស៊ីនឹងមិនបញ្ជូនអាវុធទៅអ៊ុយក្រែនតាមការស្នើសុំអាវុធរបស់លោកហ្សេឡេនស្គីទេ ប៉ុន្តែនឹងបញ្ជូនជំនួយមនុស្សធម៌ជំនួសវិញដោយសារតែរដ្ឋធម្មនុញ្ញនិងគោលនយោបាយការបរទេស ប្រទេសនេះហាមឃាត់មិនឱ្យផ្តល់ជំនួយសព្វាវុធដល់ប្រទេសដទៃទៀត។
ដោយ Pithinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News