25 C
Phnom Penh
Thursday, October 24, 2024

ពលរដ្ឋអ៊ីស្រាអែលធ្វើបាតុកម្មលើកំណែទម្រង់ប្រព័ន្ធតុលាការ

បាតុកររាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវនៃរដ្ឋធានីតែវអាវីវក្រុងហ្សេរ៊ុយហ្សាឡឹមនិងបណ្ដាទីក្រុងផ្សេងទៀតរបស់អ៊ីស្រាអែលដើម្បីប្រឆាំងនឹងការបន្តឆ្ពោះទៅមុខនៃរដ្ឋាភិបាលស្ដាំនិយមរបស់លោកនាយករដ្ឋមន្រ្តីបេនចាមីននេតាន់យ៉ាហ៊ូក្នុងការធ្វើកំណែទម្រង់ច្បាប់ក្នុងប្រព័ន្ធតុលាការ។

ការប្រមូលផ្ដុំគ្នាកាលពីថ្ងៃសៅរ៍នេះគឺជាបាតុកម្មសប្ដាហ៍ទី២៨ជាប់ៗគ្នានៃបាតុកម្មប្រឆាំងនឹងផែនការរបស់លោកនេតាន់យ៉ាហ៊ូហើយកើតឡើងតែប៉ុន្តែថ្ងៃប៉ុណ្ណេះបន្ទាប់ពីរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីរូបនេះបានផ្តល់ការយល់ព្រមជាបឋមចំពោះសេចក្ដីព្រាងច្បាប់ស្ដីពីការផ្លាស់ប្ដូរប្រព័ន្ធតុលាការ។

សេចក្ដីព្រាងច្បាប់នឹងកាត់បន្ថយចំណុចមួយចំនួនស្ដីពីការវិនិច្ឆ័យរបស់តុលាការលើការសម្រេចចិត្តអ្វីមួយរបស់រដ្ឋាភិបាល។វានឹងអនុញ្ញាតឱ្យរដ្ឋាភិបាលមានអំណាចកាន់តែច្រើនជាងមុនលើការតែងតែងចៅក្រម។មកពេលនេះសេចក្ដីព្រាងច្បាប់ដដែលត្រូវឆ្លងកាត់ការបោះឆ្នោតតែ២លើកទៀតប៉ុណ្ណោះមុនពេលអនុម័តក្លាយជាច្បាប់ដោយគេរំពឹងទុកថានឹងដំណើរការទៅនៅចុងខែកក្កដានេះ។

បាតុករម្នាក់ឈ្មោះNiliElezraវ័យ៥៤ឆ្នាំនិយាយថា៖«នេះគឺជាការប្រយុទ្ធសម្រាប់ប្រទេសយើងចង់រក្សាលទ្ធិប្រជាធិបតេយ្យរបស់អ៊ីស្រាអែលហើយច្បាប់ផ្តាច់ការនឹងមិនត្រូវមាននៅទីនេះទេ»។លោកស្រីបន្តថាការអនុម័តច្បាប់នេះនឹងប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុនិងជាសកលរបស់អ៊ីស្រាអែល។

អ្នករៀបចំការតវ៉ាក៏បាននិយាយផងដែរថាពួកគេនឹងរៀបចំ«ថ្ងៃនៃការរំខាន»នាថ្ងៃអង្គារនេះប្រសិនបើមេដឹកនាំអ៊ីស្រាអែលបន្តដើរទៅមុខជាមួយនឹងផែនការរបស់ខ្លួនដោយមិនគិតពីការជំទាស់របស់ក្រុមបាតុករ។

ការសម្រេចចិត្តរបស់រដ្ឋាភិបាលរបស់លោកនេតាន់យ៉ាហ៊ូក្នុងការឆ្ពោះទៅមុខជាមួយនឹងការផ្លាស់ប្តូរប្រព័ន្ធតុលាការដែលធ្លាប់បានផ្អាកម្ដងនៅខែមីនាដោយសារបាតុកម្មនិងការរិះគន់ពីអន្តរជាតិបានធ្វើឡើងបន្ទាប់ពីកិច្ចសន្ទនាឆ្លងភាគីលើបញ្ហានេះបានបរាជ័យកាលពីខែមុន។យ៉ាងណាមិញការប្រឆាំងនឹងផែនការនេះនៅតែមានភាពរឹងមាំ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img