បាត់ដំបង៖ លោក លាង វាសនា អភិបាលរងក្រុង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាក្រុងបាត់ដំបង នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងបាត់ដំបង ចុះផ្តល់ស្បៀងអាហារសង្រ្គោះបន្ទាន់ដល់ប្រជាពលរដ្ឋចំនួន៤៩គ្រួសារ កំពុងជួបនូវគ្រោះទឹកជំនន់ដងស្ទឹងសង្កែ ដែលបានជន់លិចផ្ទះសម្បែងរបស់ពួកគាត់រស់នៅតាមបណ្តោយដងស្ទឹងសង្កែស្ថិតក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ។
លោក លាង វាសនា បានអំពាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកស្ទឹងសង្កែ ដែលកំពុងជន់លិចនាពេលនេះ ពិសេសសូមមានការប្រយ័ត្នចំពោះសត្វអសិរពិសផ្សេងៗ ។
លោកអភិបាលរងក្រុងបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ ត្រូវដាំទឹកឱ្យឆ្អិនមុននឹងពិសា ដើម្បីកុំឱ្យមានកើតជំងឺរាគរូស ព្រោះក្នុងពេលជួបគ្រោះទឹកជំនន់តែងតែនាំមកនូវបញ្ហាជាច្រើនអាចប៉ះពាល់ដល់សុខភាព ៕
អត្ថបទ និងរូបភាពដោយ៖ Puthinews