ភ្នំពេញ៖ ពេញមួយសប្តាហ៍នេះកម្មវិធីស្បៀងអាហារពិភពលោកបានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចែកស្បៀងអាហារជូនដល់ក្រុមគ្រួសារងាយរងគ្រោះចំនួន ៣០.០០០ គ្រួសារ ដែលក្នុងនោះមានប្រជាពលរដ្ឋដែលទទួលបានជំនួយនេះប្រហែល ១៥០.០០០នាក់ នៅក្នុងខេត្តចំនួន៥ គឺ ខេត្តសៀមរាប ឧត្តរមានជ័យ កំពង់ធំ កំពង់ឆ្នាំង និង ខេត្តពោធិ៍សាត់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់កម្មវិធីស្បៀងអាហារពិភព។
បើយោងតាមសេចក្តីប្រកាសដដែល ការចែកជំនួយនេះធ្វើជារៀងរាល់ថ្ងៃចាប់ពីថ្ងៃទី៣០ ខែសីហាដល់ថ្ងៃទី ៣ ខែកញ្ញា ដោយជំនួយនេះផ្តល់ជូនដល់ក្រុមគ្រួសារដែលអាជ្ញាធរកំណត់ថាជាគ្រួសារងាយរងគ្រោះ មានអត្តសញ្ញាណប័ណ្ណគ្រួសារក្រីក្រ និងមានកូនចុះឈ្មោះចូលរៀននៅតាមសាលាដែលមានការគាំទ្រពីកម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀន របស់កម្មវិធីស្បៀងអាហារពិភពលោក និងក្រសួងអប់រំ យុវជន និងកីឡា។ ហើយនេះគឺជាការចែកស្បៀងជុំទី៥ ហើយដែលកើតឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសម្ព័ន្ធភាពរដ្ឋអនុវត្តកម្មវិធីស្បៀងអាហារតាមសាលារៀន ដែលបេីកដំណើរការ ជាផ្នែកមួយនៃកិច្ចប្រជុំកំពូលប្រព័ន្ធស្បៀងអាហារសកលនៅខែកញ្ញាឆ្នាំ ២០២១។
សម្ព័ន្ធនេះមានការចូលរួមពីរាជរដ្ឋាភិបាល អង្គការសហប្រជាជាតិ សង្គមស៊ីវិល គ្រឹះស្ថានអប់រំ អង្គការមនុស្សធម៌ និងវិស័យឯកជនទាំងអស់ដែលទទួលស្គាល់ថា អាហារនៅតាមសាលាមានសារៈសំខាន់ណាស់ក្នុងការផ្លាស់ប្តូរប្រព័ន្ធអាហារ និងអាចជួយឱ្យប្រទេសនីមួយៗអាចងើបពីវិបត្តសេដ្ឋកិច្ច-សង្គម ដែលបណ្តាលមកពីជំងឺកូវីដ -១៩ និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ដោយប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៤០ ដំបូងគេបង្អស់ដែលបានចុះឈ្មោះចូលរួមក្នុងសម្ព័ន្ធភាពជាប្រវត្តិសាស្ត្រមួយនេះដែលអាចជួយការពារកុមារដែលងាយរងគ្រោះបំផុតពីភាពអត់ឃ្លាននិងកង្វះអាហារូបត្ថម្ភនានា៕
អត្ថបទ និងរូបភាពដោយ៖ Puthi News