កំពង់ស្ពឺ៖ ពលរដ្ឋនៅក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺ អាយុចាប់១៨ឆ្នាំឡើងនៅសល់តែជាង ២០ភាគរយទៀតប៉ុណ្ណោះ ដែលមិនទាន់បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ពោលគឺ អ្នកដែលបានចាក់មានចំនួន ៤២៧.១៩៩នាក់ ស្មើនឹង ៧៣,៨៣ភាគរយ នៃចំនួន ៥៧៨.៦៣០នាក់ ហើយនៅសល់១៥១.៤៣១នាក់។
ចំណែកកុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំ ដែលបានចាក់វ៉ាក់សាំងមានចំនួន ៧៨.៤០១នាក់ ស្មើនឹង ៦៨,០៦ភាគរយ នៃចំនួន ១១៥.១៨៧នាក់ នៅសល់ចំនួន ៣៦.៧៨៦នាក់។ សរុបប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងចាប់ពីអាយុ១២ឆ្នាំឡើងមានចំនួន ៥០៥.៦០០នាក់ ស្មើនឹង ៧២,៨៧ភាគរយ នៃចំនួនប្រជាពលរដ្ឋ ៦៩៣.៨១៧នាក់ នៅសល់ ១៨៨.២១៧នាក់។ នេះបើយោងតាមការឱ្យដឹងពីលោក លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរសុខាភិបាលថ្មី ដែលលោក ហុក គ្រី អតីតប្រធានមន្ទីរពេទ្យបង្អែកខេត្ត ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសុខាភិបាលជំនួស លោក អោ វណ្ណថេន ដែលបានចូលនិវត្តន៍ និងតែងតាំងជាទីប្រឹក្សាក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១។
ទន្ទឹមនឹងមានពលរដ្ឋជាច្រើនបានចេញទៅចាក់វ៉ាក់សាំងនេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក៏បានជំរុញបន្ថែមដល់មន្ទីរសុខាភិបាល ត្រូវចាត់តាំងក្រុមគ្រូពេទ្យដើម្បីចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានគ្រប់ចំនួន និងទាន់ផែនការ ដើម្បីឈានទៅរកប្រក្រតីភាពថ្មីនៃជីវភាពរស់នៅប្រចាំថ្ងៃដូចដើមវិញ៕
អត្ថបទ និងរូបភាពដោយះ Puthinews